ម៉ាឡេស៊ីនឹងជំរុញការបញ្ចប់កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងវិនិយោគពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក ហ្សាហ្រ្វុល អាប់ឌុល អាហ្ស៊ីស (Zafrul Abdul Aziz) បាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងជំរុញឱ្យមានសេចក្តីសន្និដ្ឋានយ៉ាងសំខាន់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ។
មុនពេលកិច្ចប្រជុំនៅរដ្ឋធានីនៃប្រទេសម៉ាឡេស៊ីនេះ បណ្តារដ្ឋមន្ត្រីក៏នឹងជួបប្រជុំគ្នាក្នុងកិច្ចប្រជុំពិសេសមួយស្តីពី DEFA ផងដែរនៅថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ តាមរយៈសន្និសីទវីដេអូ ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ហ្សាហ្រ្វុល ផងដែរ។
លោកបាននិយាយថា «យើងនឹងជំរុញសម្រាប់ DEFA ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់អាស៊ាន ជាពិសេសម៉ាឡេស៊ី ព្រោះវាជាផ្នែកមួយនៃអាទិភាពសេដ្ឋកិច្ច (PEDs) របស់យើង។
លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកថា «ដំណឹងល្អ គឺថាយើងបានបញ្ចប់កិច្ចចរចារសម្រាប់ PEDs ចំនួនពីរហើយ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលត្រូវបានកំណត់គោលដៅនឹងចុះហត្ថលេខានៅក្នុងខែតុលាខាងមុខ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





