គណបក្សនយោបាយជាង៥០ ចុះឈ្មោះចូលរួមការបោះឆ្នោតជាសកល
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ -- គណបក្សនយោបាយសរុបចំនួន៥៥ បានចុះឈ្មោះចូលរួមការបោះឆ្នោតជាសកលនាពេលខាងមុខរបស់ប្រទេសមីយ៉ាន់ម៉ា ដែលគណបក្សចំនួន៩ ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ា (MRTV) ដែលគ្រប់គ្រងដោយរដ្ឋ។
នៅពេលមុននេះ ទូរទស្សន៍ MRTV បានដកស្រង់សេចក្តីប្រកាសរបស់គណៈកម្មការរៀបចំការបោះឆ្នោតរបស់សហភាពមីយ៉ាន់ម៉ាដែលបានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងចាប់ផ្តើមដំណាក់កាលដំបូងនៃការបោះឆ្នោតជាសកលនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបង្ហាញពីផែនទីបង្ហាញផ្លូវសម្រាប់ការបោះឆ្នោតលើកដំបូងក្នុងរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ។ ការបោះឆ្នោតនឹងធ្វើឡើងក្នុងដំណាក់កាលជាច្រើនប៉ុន្តែកាលបរិច្ឆេទជាក់លាក់សម្រាប់ដំណាក់កាលបន្តបន្ទាប់មិនទាន់ត្រូវបានកំណត់នៅឡើយទេ ហើយវានឹងត្រូវបានប្រកាសនៅពេលក្រោយអាស្រ័យលើស្ថានភាពសន្តិសុខ។
កាលពីខែមិថុនា កាសែតរដ្ឋ The Global New Light of Myanmar បានដកស្រង់សម្តីរបស់មេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលបាននិយាយថា ការបោះឆ្នោតជាសកលនឹងត្រូវធ្វើឡើងនៅចន្លោះខែធ្នូ ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





