មីយ៉ាន់ម៉ាប្រកាសកាលបរិច្ឆេទនៃព្រឹត្តិការណ៍បោះឆ្នោតជាសកលរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ -- គណៈកម្មការរៀបចំការបោះឆ្នោតរបស់សហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥បានប្រកាសថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតជាសកលរបស់ខ្លួន ដោយដំណាក់កាលទី១ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។
យោងតាមគណៈកម្មការរៀបចំការបោះឆ្នោតបានឱ្យដឹងថាការបោះឆ្នោតជាសកលនឹងធ្វើឡើងក្នុងដំណាក់កាលជាច្រើន ប៉ុន្តែកាលបរិច្ឆេទជាក់លាក់សម្រាប់ដំណាក់កាលបន្តបន្ទាប់នឹងត្រូវបានប្រកាសនៅពេលក្រោយ។
កាលពីដើមខែមិថុនា កាសែតរដ្ឋ The Global New Light of Myanmar បានដកស្រង់សម្តីមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលបានបញ្ជាក់ថា ការបោះឆ្នោតជាសកលនឹងត្រូវធ្វើឡើងនៅចន្លោះខែធ្នូ ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





