ទីក្រុងគូឡាឡាំពួរត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់របស់តំបន់អាស៊ីប៉ាស៊ីហ្វិក
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ -- ក្រុមហ៊ុនអាកាសយានដ្ឋានម៉ាឡេស៊ីហូលឌីងស៍ ប៊ីអេចឌី (MAHB) កំពុងបន្តយុទ្ធសាស្ត្រធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ (KLIA) ក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបន្ថែមទៀត។
ប្រធានផ្នែកអាកាសចរណ៍ និងយុទ្ធសាស្ត្រនៃក្រុមហ៊ុន MAHB លោក មេហ្កាត់ អាឌៀន វីរ៉ា ម៉ូដ អាមីនុដឌីន (Megat Ardian Wira Mohd Aminuddin) បាននិយាយថា ប្រតិបត្តិករអាកាសយានដ្ឋានកំពុងកំណត់ក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន១២ ដើម្បីហោះហើរទៅកាន់ប្រទេសម៉ាឡេស៊ីនៅក្នុងឆ្នាំនេះ ដែលជាគោលដៅស្រដៀងគ្នាទៅនឹងអ្វីដែលខ្លួនសម្រេចបានប្រកបដោយជោគជ័យកាលពីក្នុងឆ្នាំ២០២៤។
លោក មេហ្កាត់ អាឌៀន បានចែករំលែកថា ក្រុមហ៊ុន MAHB បានធ្វើការយ៉ាងសកម្មជាមួយបណ្តាក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោកក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ តាមរយៈព្រឹត្តិការណ៍បណ្តាញអាកាសចរណ៍នានា ដូចជាវេទិកាផ្លូវធ្វើដំណើរពិភពលោក និងវេទិកាផ្លូវធ្វើដំណើរអាស៊ី ក៏ដូចជាការទៅពិនិត្យមើលដោយផ្ទាល់នៅទីស្នាក់ការក្រុមហ៊ុនអាកាសចរណ៍។
បច្ចុប្បន្ននេះ វាត្រូវការវិធីសាស្រ្តរួមមួយជាមួយនឹងធាតុចូលពីម្ចាស់ភាគហ៊ុនថ្មីរបស់ខ្លួន ដោយមើលទាំងការអនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកដំណើរ រួមទាំងការប្រើប្រាស់ភាពស្មោះត្រង់ និងការបែងចែកអ្នកដំណើរជាដើម។
លោកបាននិយាយបន្ថែមថា ក្រុមការងារកំពុងពិភាក្សាជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍អឺរ៉ុបមួយចំនួនដែលមិនទាន់បម្រើសេវាអាកាសយានដ្ឋាន KLIA ខណៈដែលរក្សាទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតនៅក្នុងប្រទេសចិន និងមជ្ឈិមបូព៌ា។
អាកាសយានដ្ឋាន KLIA បានកត់ត្រាអ្នកដំណើរចំនួន ៣០លាននាក់នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ដែលមានការកើនឡើងជិត ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ២០២៤ ជាមួយនឹងកត្តាផ្ទុកជាមធ្យមមានប្រហែល ៧៨%។
ខណៈដែលអាកាសយានដ្ឋាន KLIA នៅតែជាចំណុចស្នូលរបស់ក្រុមហ៊ុន MAHB លោក មេហ្កាត់ អាឌៀន បាននិយាយថា អាកាសយានដ្ឋានអន្តរជាតិក្នុងស្រុកផ្សេងទៀត ដូចជាអាកាសយានដ្ឋានអន្តរជាតិប៉េណាង អាកាសយានដ្ឋានអន្តរជាតិកូតាគីណាបាលូ អាកាសយានដ្ឋានអន្តរជាតិឡាំងកាវី និងអាកាសយានដ្ឋានអន្តរជាតិគូជីង ក៏កំពុងដើរតួនាទីជាអ្នកគាំទ្រផងដែរ។
អាកាសយានដ្ឋាន KLIA គឺជាច្រកចេញចូល និងជាមជ្ឈមណ្ឌលសម្រាប់ការតភ្ជាប់អន្តរជាតិ ប៉ុន្តែអាកាសយានដ្ឋានក្នុងតំបន់កំពុងវិវត្ត។ លោកបាននិយាយបន្ថែមថា ក្រុមហ៊ុននីមួយៗមានផែនការអភិវឌ្ឍន៍របស់ខ្លួននៅក្រោមក្រុមហ៊ុនអាកាសយានដ្ឋានម៉ាឡេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





