ប្រទេសចិនគាំទ្រការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅលើកោះប៉ាស៊ីហ្វិក
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ -- ប្រេសិតចិនមួយរូបបាននិយាយថា ប្រទេសចិនគាំទ្រដល់ប្រទេសវ៉ានូអាទូ និងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកផ្សេងៗទៀតក្នុងក្តីបារម្ភរបស់ពួកគេចំពោះការប្រែប្រួលអាកាសធាតុ ហើយនឹងបន្តកិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវដែលមានគុណភាពខ្ពស់នៅក្នុងតំបន់។
ឯកអគ្គរដ្ឋទូតចិនប្រចាំកោះវ៉ានូអាទូ លោក លី មីងហ្គាង (Li Minggang) បាននិយាយថា «ប្រទេសចិន និងបណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក គឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលត្រូវបានរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ មិនត្រឹមតែមានផលប៉ះពាល់នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផលវិបាកជាប្រវត្តិសាស្ត្រផងដែរ»។
លោក លី បាននិយាយថា ប្រទេសចិននៅឈរជាមួយប្រទេសវ៉ានូអាទូ និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត ជាពិសេសរដ្ឋកំពុងអភិវឌ្ឍន៍កោះតូច ក្នុងការជំរុញសហគមន៍ពិភពលោក ជាពិសេសបណ្តាប្រទេសអភិវឌ្ឍន៍ឱ្យចាត់វិធានការអាកាសធាតុប្រកបដោយការទទួលខុសត្រូវ។
លោកបាននិយាយថា «ការរួមគ្នាជាមួយរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗយើងសូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍នានាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងបច្ចេកវិទ្យា ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ដោះស្រាយការប្រែប្រួលអាកាសធាតុ»។
ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ប្រទេសចិនបានប្តេជ្ញាថានឹងរៀបចំគម្រោង «តូច និងស្រស់ស្អាត» ចំនួន ១០០គម្រោងក្នុងរយៈពេល ៣ឆ្នាំខាងមុខ សម្រាប់សហគមន៍មូលដ្ឋានក្នុងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដើម្បីជួយកែលម្អភាពធន់នឹងអាកាសធាតុរបស់ពួកគេ។
វាក៏នឹងបែងចែកថវិកាចំនួន ២លានដុល្លារអាម៉េរិកសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យនានា ដូចជាវិស័យថាមពលស្អាត មហាសមុទ្រ ហេដ្ឋារចនាសម្ព័ន្ធកាបូនទាប ព្រមទាំងកិច្ចការពារ និងកាត់បន្ថយគ្រោះមហន្តរាយផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





