ចិន និងឥណ្ឌា ចាប់ផ្តើមជុំថ្មីនៃកិច្ចពិគ្រោះយោបល់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសចិន និងឥណ្ឌាកំពុងរៀបចំសម្រាប់ជុំថ្មីនៃការទូតកម្រិតខ្ពស់ក្នុងគោលបំណងបន្ធូរបន្ថយបញ្ហាព្រំដែនរបស់ពួកគេ និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី ខណៈដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងរយៈពេលជាងបីឆ្នាំកន្លងមកនេះ។
យោងតាមក្រសួងការបរទេសចិន បានឱ្យដឹងថា លោក វ៉ាង ដែលជាអ្នកតំណាងពិសេសរបស់ប្រទេសចិនចំពោះបញ្ហាព្រំដែនចិន-ឥណ្ឌា ក៏នឹងធ្វើជាសហប្រធាននៃកិច្ចពិភាក្សាជុំទី២៤ រវាងតំណាងពិសេសរបស់ចិន និងឥណ្ឌា ស្តីពីបញ្ហាព្រំដែន ជាមួយទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក អាជីត ដូវ៉ាល់ (Ajit Doval)។
វាគឺជាកិច្ចប្រជុំកម្រិតខ្ពស់លើកទី២ ពាក់ព័ន្ធនឹងបញ្ហាព្រំដែន ចាប់តាំងពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកាលពីក្នុងឆ្នាំ២០២០ ដែលបានធ្វើឱ្យទំនាក់ទំនងរបស់ភាគីទាំងពីរធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ ជុំចុងក្រោយដែលបានធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីក្នុងខែធ្នូឆ្នាំមុន បានបង្កើតការឯកភាពគ្នាលើប្រាំមួយចំណុច ស្តីពីការជំរុញកិច្ចចរចា ការពង្រឹងការគ្រប់គ្រងព្រំដែន ការបង្កើនកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន និងបញ្ហាពាក់ព័ន្ធផ្សេងទៀត។
របាយការណ៍ពីសារព័ត៌មាន Bloomberg ដែលដកស្រង់សម្តីពីប្រភពមិនបញ្ចេញឈ្មោះ ដែលបានលើកឡើងថា កិច្ចចរចានាពេលខាងមុខអាចផ្តោតសំខាន់ទៅលើការកាត់បន្ថយកម្រិតកងទ័ពនៅតំបន់ព្រំដែនដែលមានជម្លោះ ដែលជាជំហានសំខាន់ឆ្ពោះទៅរកការស្តារទំនុកចិត្តឡើងវិញរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយឥណ្ឌា ដើម្បីធ្វើសកម្មភាពទៅលើការយល់ដឹងរួមសំខាន់ៗដែលសម្រេចបានរវាងមេដឹកនាំនៃប្រទេសទាំងពីរ រក្សាសន្ទុះនៃការផ្លាស់ប្តូរកម្រិតខ្ពស់ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាពនៃទំនាក់ទំនងចិន-ឥណ្ឌា។
ឆ្នាំនេះ គឺជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងឥណ្ឌា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





