សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំកាលពីថ្ងៃចន្ទ ដើម្បីពង្រឹងការត្រៀមខ្លួនការពាររបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា សមយុទ្ធ Ulchi Freedom Shield (UFS) រយៈពេល ១១ថ្ងៃ ដែលដំណើរការរហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នេះ រួមមានសមយុទ្ធដើម្បីការពារការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក (ដ្រូន) និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
សមយុទ្ធនៅក្នុងឆ្នាំនេះនឹងប្រមូលផ្តុំកងទ័ពកូរ៉េខាងត្បូងប្រហែល១៨.០០០នាក់ និងចូលរួមសមយុទ្ធដែលរួមបញ្ចូលនូវការគំរាមកំហែងជាក់ស្តែងក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់ប្រទេសទាំងពីរនៅទូទាំងដែនសមត្ថកិច្ចទាំងអស់។
ខណៈដែលសមយុទ្ធនេះនឹងត្រូវបានធ្វើឡើងក្នុងកម្រិតស្រដៀងគ្នាទៅនឹងឆ្នាំមុន ដូច្នេះប្រហែលជាពាក់កណ្តាលនៃសមយុទ្ធទីវាលចំនួន៤០ដែលបានគ្រោងទុកដំបូងនឹងត្រូវកំណត់ពេលដល់ខែកញ្ញា ដោយសារតែមានការព្រួយបារម្ភចំពោះកត្តាសីតុណ្ហភាពកំដៅខ្លាំង និងការខូចខាតដោយគ្រោះទឹកជំនន់នៅកន្លែងហ្វឹកហាត់មួយចំនួន។ នេះបើយោងតាមមន្ត្រីរបស់កូរ៉េខាងត្បូង។
ប្រទេសកូរ៉េខាងជើងបានកំណត់លក្ខណៈសមយុទ្ធរួមជាយូរមកហើយនេះថាជា «សមយុទ្ធ» សម្រាប់ការឈ្លានពានប្រឆាំងនឹងខ្លួន ខណៈដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថា សមយុទ្ធនារដូវក្តៅនេះ គឺជាសមយុទ្ធការពារធម្មតាតែប៉ុណ្ណោះ។
សមយុទ្ធ UFS នឹងត្រូវធ្វើឡើងរួមជាមួយនឹងសមយុទ្ធការពារស៊ីវិលរយៈពេល ៤ថ្ងៃដែលដំណើរការរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយប្រមូលផ្តុំជនស៊ីវិលប្រហែល ៥៨០.០០០នាក់។
សមយុទ្ធការពារជនស៊ីវិលប្រឆាំងការវាយឆ្មក់នឹងធ្វើឡើងនៅទូទាំងប្រទេសនៅថ្ងៃពុធ ជាផ្នែកមួយនៃសមយុទ្ធការពារស៊ីវិល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





