បេសកជនពិសេសរបស់សហរដ្ឋអាមេរិកជួបពិភាក្សាជាមួយប្រធានាធិបតីលីបង់នៅទីក្រុងបេរុត
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ -- បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកស៊ីរី លោក ថម បារ៉ាក់ក៍ (Tom Barrack) បានជួបជាមួយប្រធានាធិបតីលីបង់ លោក ចូសេប អួន (Joseph Aoun)នៅក្នុងរដ្ឋធានីលីបង់កាលពីថ្ងៃចន្ទ។
ប្រធានាធិបតីលីបង់បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) របស់សហរដ្ឋអាមេរិកថា បេសកជនរងសម្រាប់តំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក ម៉ូហ្គែន អូថេហ្គូស (Morgan Ortagus) ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ រួមជាមួយនឹងគណៈប្រតិភូអមដំណើរនៅឯវិមានបាអាបដា (Baabda) នៅភាគខាងកើតនៃទីក្រុងបេរុត។
លោកប្រធានាធិបតីមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមទៀតទាក់ទងនឹងកិច្ចពិភាក្សានោះទេ។
លោក បារ៉ាក់ក៍ ដែលបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសតួកគីផងដែរនោះ បានទៅដល់ទីក្រុងបេរុតកាលពីល្ងាចថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចលើកទីបួនរបស់លោកចាប់តាំងពីខែមិថុនាមក។
ដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់បេសកជននេះធ្វើឡើងក្នុងរយៈពេល ១០ថ្ងៃបន្ទាប់ពីគណៈរដ្ឋមន្រ្តីរបស់ប្រទេសលីបង់បានអនុម័តទៅលើគោលបំណងនៃផែនទីបង្ហាញផ្លូវដែលលោកបានស្នើឡើងដែលជាចំណាត់ការដែលទាក់ទាញការប្រឆាំងយ៉ាងខ្លាំងពីក្រុមឧទ្ទាមហេសបូឡាហ៍ ដែលបានបដិសេធមិនព្រមទម្លាក់អាវុធចុះ។
សង្រ្គាមឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៣ ហើយបានឈានទៅដល់សង្រ្គាមទ្រង់ទ្រាយធំនៅក្នុងខែកញ្ញា ឆ្នាំ២០២៤។ មនុស្សរហូតដល់ទៅ ៤.០០០នាក់រួមទាំងប្រធានក្រុមហេសបូឡាហ៍ លោក ហាសាន់ ណាស្រាល់ឡាហ៍ (Hasan Nasrallah) ត្រូវបានសម្លាប់ និងប្រហែល ១៧.០០០នាក់ផ្សេងទៀតបានរងរបួស។
បទឈប់បាញ់ត្រូវបានសម្រេចកាលពីក្នុងខែវិច្ឆិកា ប៉ុន្តែកងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារស្ទើរតែរាល់ថ្ងៃនៅភាគខាងត្បូងប្រទេសលីបង់ ដោយអះអាងថាមានគោលដៅលើសកម្មភាពរបស់ក្រុមឧទ្ទាមហេសបូឡាហ៍។
នៅក្រោមបទឈប់បាញ់នេះ អ៊ីស្រាអែលត្រូវបានគេសន្មត់ថានឹងដកខ្លួនទាំងស្រុងពីភាគខាងត្បូងនៃប្រទេសលីបង់នៅថ្ងៃទី២៦ ខែមករា ប៉ុន្តែថ្ងៃផុតកំណត់ត្រូវបានពន្យារពេលដល់ថ្ងៃទី១៨ ខែកុម្ភៈ បន្ទាប់ពីទីក្រុងតេលអាវីវបានបដិសេធមិនធ្វើតាម។ អ៊ីស្រាអែលនៅតែរក្សាវត្តមានយោធានៅប៉ុស្តិ៍ព្រំដែនចំនួនប្រាំ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





