ប្រទេសចិនរីករាយដែលឃើញសហរដ្ឋអាមេរិក និងរុស្ស៊ីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង បន្ទាប់ពីជំនួបរវាងលោក ត្រាំ និងលោក ពូទីន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសចិន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនរីករាយដែលឃើញសហរដ្ឋអាមេរិក និងរុស្ស៊ីពង្រឹងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump) បានជួបប្រជុំគ្នានៅរដ្ឋអាឡាស្កា។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning)បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំងថា ប្រទេសចិនរីករាយដែលបានឃើញការបន្តការចូលរួមរបស់រុស្ស៊ី និងសហរដ្ឋអាមេរិកដើម្បីបង្កើនទំនាក់ទំនងរបស់ពួកគេ និងលើកកម្ពស់ការដោះស្រាយនយោបាយរបស់អ៊ុយក្រែន។
ទាក់ទងនឹងវិបត្តិអ៊ុយក្រែន លោកស្រី ម៉ៅ បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង «គាំទ្រ» ចំពោះដំណោះស្រាយនយោបាយនៃសង្រ្គាម។
លោក ត្រាំ និងលោក ពូទីន បានបើកកិច្ចប្រជុំបិទទ្វាររយៈពេល៣ម៉ោងកាលពីថ្ងៃសុក្រសប្តាហ៍មុននៅទីក្រុងអេនចូរ៉េកនៃរដ្ឋអាឡាស្កាដោយលោក ពូទីន បាននិយាយថា ពួកគេបានឈានដល់ «ការយល់ដឹងហើយ»។
បន្ទាប់ពីកិច្ចប្រជុំកំពូលនោះ លោក ត្រាំ បានប្រាប់សារព័ត៌មាន Fox News ថា ចំណុចសំខាន់ៗត្រូវបានព្រមព្រៀងគ្នា ដោយនៅសល់តែធាតុតូចៗប៉ុណ្ណោះ។
លោកស្រី ម៉ៅ បានឆ្លើយតបនៅពេលដែលត្រូវបានសួរអំពីកិច្ចប្រជុំដែលបានគ្រោងទុករបស់លោក ត្រាំ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) និងបណ្តាមេដឹកនាំនៅអឺរ៉ុបនៅឯសេតវិមាននៅពេលបន្ទាប់នោះថា «យើងរំពឹងថា ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមក្នុងកិច្ចចរចាសន្តិភាពសម្រាប់កិច្ចព្រមព្រៀងយូរអង្វែងដែលភាគីទាំងអស់ទទួលយក»។
ចំពោះប្រទេសចិនដែលត្រូវបានចាត់ទុកថាជាអ្នកធានាសន្តិសុខដែលរំពឹងទុកសម្រាប់អ៊ុយក្រែន លោកស្រី ម៉ៅ បាននិយាយថា «ជំហររបស់យើងចំពោះអ៊ុយក្រែន គឺស្រប និងច្បាស់លាស់។ យើងនឹងបន្តលើកកម្ពស់សន្តិសុខនយោបាយនៅក្នុងវិបត្តិអ៊ុយក្រែន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





