ជប៉ុន និងអាល្លឺម៉ង់សន្យាជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខនៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទី១
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ -- សេចក្តីថ្លែងការណ៍ផ្លូវការមួយបាននិយាយថា ប្រទេសជប៉ុន និងអាល្លឺម៉ង់ កាលពីថ្ងៃចន្ទបានសន្យាជំរុញបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី។
ការសន្យានេះត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចសន្ទនាយុទ្ធសាស្ត្រលើកទីមួយរបស់ភាគីទាំងពីរនៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុន ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តាកេស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya)និងសមភាគីអាល្លឺម៉ង់ លោក ចូហាន់ វ៉ាដេផល (Johann Wadephul) ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃនៅប្រទេសជប៉ុន។
លោក អ៊ីវ៉ាយ៉ា បាននិយាយថា សណ្តាប់ធ្នាប់អន្តរជាតិកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ ហើយតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងអាល្លឺម៉ង់ក៏កំពុងកើនឡើងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញដោយក្រសួងការបរទេសជប៉ុន។
ភាគីទាំងពីរបានចាត់វិធានការជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ហើយកិច្ចព្រមព្រៀងនៃការទិញ និងសេវាឆ្លងកាត់ទ្វេភាគីបានចូលជាធរមានកាលពីខែកក្កដាឆ្នាំមុន ដែលនឹងជួយសម្រួលដល់សមយុទ្ធរួមគ្នារវាងកងកម្លាំងស្វ័យការពារជប៉ុន និងយោធាអាល្លឺម៉ង់។
លោក វ៉ាដេផល បានប្រាប់លោក អ៊ីវ៉ាយ៉ា ថា «ប្រទេសជប៉ុន គឺជាដៃគូពិសេសនៅអាស៊ីដែលចែករំលែកនូវគុណតម្លៃ និងគោលការណ៍ដូចគ្នា»ដោយលោក វ៉ាដេផល បាននិយាយបន្ថែមថា ប្រទេសអាល្លឺម៉ង់មានបំណងធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត។
ប្រទេសជប៉ុន និងអាល្លឺម៉ង់ ដែលបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ១៨៦១ ដែលជាសមាជិកនៃក្រុមប្រទេស G7 និង G20 ក្នុងចំណោមវេទិកាពហុភាគីផ្សេងៗទៀត។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ជាង ៤៧ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា «រដ្ឋមន្ត្រីទាំងពីរបានឯកភាពគ្នាលើការពង្រឹងកិច្ចសន្ទនាទាក់ទងនឹងសន្តិសុខ និងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងដែនអ៊ីនធឺណេត ដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតនៅក្នុងវិស័យសន្តិសុខ»។
សេចក្តីថ្លែងការនោះបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានភាពនៅអ៊ុយក្រែន និងបានឯកភាពទៅលើការបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។
ពួកគេក៏បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកាផងដែរ រួមទាំងគោលនយោបាយឆ្ពោះទៅរកប្រទេសកូរ៉េខាងជើង ក៏ដូចជាស្ថានភាពនៅមជ្ឈិមបូព៌ា និងអាហ្វ្រិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





