បណ្តាប្រទេសមេគង្គ-ឡានឆាង សន្យាសាមគ្គីភាពគ្នាប្រកបដោយការបើកចំហ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសមកពីប្រទេសចិន ថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានសន្យាកាលពីថ្ងៃសុក្រសប្តាហ៍មុនថានឹងពង្រឹងសាមគ្គីភាព ប្រកបដោយការបើកចំហ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៅមុខទិដ្ឋភាពអន្តរជាតិដ៏កំពុងស្មុគស្មាញ និងធ្ងន់ធ្ងរនាពេលនេះ។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ភាគនិរតីនៃប្រទេសចិនបណ្តារដ្ឋមន្រ្តីការបរទេសបានប្តេជ្ញាថានឹងលើកកម្ពស់ពហុភាគីនិយមការពារពាណិជ្ជកម្មសេរី បង្កើនការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរួមគ្នាដោះស្រាយបញ្ហាប្រឈម និងធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។
កិច្ចប្រជុំរយៈពេលពីរថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ បានអនុម័តឯកសារលទ្ធផលចំនួនបី ដែលបង្ហាញពីវឌ្ឍនភាពចំពោះផែនការសកម្មភាពរបស់កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC)កំណត់គម្រោងថ្មីដែលត្រូវផ្តល់មូលនិធិក្នុងឆ្នាំខាងមុខ និងកំណត់វិធីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខដែលមិនមែនជាប្រពៃណី។
ដោយត្រូវបានផ្តួចផ្តើម និងដាក់ឱ្យដំណើរការកាលពីក្នុងឆ្នាំ២០១៥ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ គឺជាប្រភេទប្រកបដោយភាពច្នៃប្រឌិតនៃយន្តការកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងចំណោមប្រទេសនៃតំបន់ឡានឆាង-មេគង្គ។ តំបន់ឡានឆាង-មេគង្គ សំដៅទៅលើប្រទេសនៅតាមដងទន្លេមេគង្គ ដែលត្រូវបានគេស្គាល់ថាជាទន្លេឡានឆាងនៅក្នុងប្រទេសចិន។
ភាគីទាំងអស់បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសទាំងប្រាំមួយ ជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៅតំបន់អាងទន្លេ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថាចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកដំបូងដែលបានធ្វើឡើងនៅក្នុងខេត្តយូណានមក កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានប្រែក្លាយពីគ្រាប់ពូជទៅជា «ដើមឈើដ៏ខ្ពស់» ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកដោយកិច្ចសហប្រតិបត្តិការផ្តោតសំខាន់ទៅលើវិស័យអាទិភាពទាំងប្រាំនៃការតភ្ជាប់ កិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម សេដ្ឋកិច្ចឆ្លងដែនធនធានទឹក និងកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ។
ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្តាប្រទេសទាំងប្រាំនៅតំបន់ទន្លេមេគង្គ បានកើនឡើងដល់ ៤៣៧ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤ដោយកើនឡើង ១២៥% បើធៀបនឹងទសវត្សរ៍មុន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





