បណ្តាប្រទេសនៅសហភាពអឺរ៉ុបបរាជ័យក្នុងការអនុម័តទៅលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំកំពូលអាឡាស្កា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ -- បណ្តាប្រទេសនៅសហភាពអឺរ៉ុបមិនអាចអនុម័តទៅលើសេចក្តីថ្លែងការណ៍រួមភ្លាមៗ ស្តីពីកិច្ចប្រជុំកំពូលរុស្ស៊ី-សហរដ្ឋអាមេរិក នៅរដ្ឋអាឡាស្កាបានទេ។ ផ្ទុយទៅវិញ ភាពជាអ្នកដឹកនាំរបស់សហភាពអឺរ៉ុបដែលចូលរួមដោយប្រមុខរដ្ឋចំនួនប្រាំក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង២៧ និងចក្រភពអង់គ្លេសនោះបានចេញសេចក្តីថ្លែងការណ៍មួយ ដែលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ុលឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) បានចេញផ្សាយនៅលើបណ្តាញសង្គមអ៊ិច (X)។
ជាជាងដែលត្រូវបានដាក់ចំណងជើងថា «សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប» ឯកសារនោះត្រូវបានបង្ហាញជា «សេចក្តីថ្លែងការណ៍របស់លោកស្រីប្រធាន វ៉ុន ដឺ ឡេយេន លោកប្រធានាធិបតី ម៉ាក្រុន លោកនាយករដ្ឋមន្ត្រី មេឡូនី លោកអធិការបតី មើស លោកនាយករដ្ឋមន្ត្រី ស្តាម័រលោកប្រធាន ស្តាប់ប៍ លោកនាយករដ្ឋមន្ត្រី ទូសក៍ លោកប្រធាន កូស្តា»។
បើទោះបីជាមានកិច្ចប្រជុំមួយរបស់បណ្តាឯកអគ្គរដ្ឋទូតមកពីបណ្តាប្រទេសសហភាពអឺរ៉ុបទាំង២៧ ដែលត្រូវបានកោះប្រជុំកាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុនក៏ដោយ ក៏មិនមានសេចក្តីថ្លែងការណ៍រួមណាមួយត្រូវបានចេញផ្សាយនោះដែរ។
ឯកសារនេះមិនគាំទ្រចំពោះទ្រឹស្ដីចម្បងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ (Donald Trump) ស្តីពីតម្រូវការសម្រាប់ការដោះស្រាយជម្លោះរយៈពេលវែងដោយគ្មានលក្ខខណ្ឌសម្រាប់បទឈប់បាញ់បឋមនោះទេ។
នៅក្នុងខ្លឹមសារ អត្ថបទចុងក្រោយមិនបានណែនាំនូវសំណើសន្តិភាពថ្មីទេ ប៉ុន្តែជំនួសមកវិញនូវចំណុចដែលធ្លាប់បានលើកឡើងរបស់ទីក្រុងព្រុចសែលពីការសន្យាផ្គត់ផ្គង់យោធារហូតដល់ការអំពាវនាវឱ្យមាន«សន្តិភាព»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





