ប្រធានាធិបតីសហរដ្ឋអាមេរិកស្នើថ្ងៃទី២២ ខែសីហា សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីជាមួយរុស្ស៊ី និងអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ -- គេហទំព័រសារព័ត៌មាន Axios ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានរាយការណ៍ដោយដកស្រង់ពីប្រភពរបស់ខ្លួនថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) រំពឹងថានឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាមួយរុស្ស៊ី និងអ៊ុយក្រែននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។
យោងតាមគេហទំព័រសារព័ត៌មាននោះ បានឱ្យដឹងថាក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) និងបណ្តាមេដឹកនាំនៅអឺរ៉ុប បន្ទាប់ពីជំនួបរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅរដ្ឋអាឡាស្កា កាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៥ សប្តាហ៍មុននេះ លោក ដូណាល់ ត្រាំ បានប្រកាសថា «លោកចង់រៀបចំកិច្ចប្រជុំត្រីភាគីជាមួយលោក ពូទីន និងលោក ហ្សេលេនស្គី នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ [ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥]»។
សារព័ត៌មានញូវយ៉កថាមស៍ បានរាយការណ៍នៅពេលមុននេះដោយដកស្រង់ពីប្រភពរបស់ខ្លួនថា បន្ទាប់ពីជំនួបជាមួយលោក ពូទីន មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានស្នើឱ្យមានកិច្ចចរចាទៅលើកិច្ចព្រមព្រៀងសន្តិភាព ដែលអ៊ុយក្រែននឹងប្រគល់តំបន់ដុនបាសស៍ដែលនៅសល់ទៅឱ្យរុស្ស៊ី រួមទាំងតំបន់ដែលមិនត្រូវបានរំដោះដោយកងទ័ពរុស្ស៊ីផងដែរ ហើយបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែននៅសមរភូមិបច្ចុប្បន្ន និងការធានាសន្តិសុខទាំងក្រុងគៀវ និងអឺរ៉ុប នឹងត្រូវបានផ្តល់ជាថ្នូរនឹងការតបស្នងនោះ។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ពូទីន និងលោក ត្រាំ បានជួបប្រជុំគ្នានៅឯមូលដ្ឋានយោធា Elmendorf-Richardson ក្នុងរដ្ឋអាឡាស្កា។ កិច្ចពិភាក្សារបស់ពួកគេមានរយៈពេលប្រហែល ៣ម៉ោង រួមទាំងការសន្ទនាមួយទល់មួយនៅក្នុងរថយន្តទំនើបរបស់មេដឹកនាំអាម៉េរិកដែលកំពុងធ្វើដំណើរទៅកាន់កន្លែងចរចាដ៏សំខាន់នោះ ក៏ដូចជាកិច្ចពិភាក្សាជាក្រុមតូចជាបន្ត ដែលមានអ្នកចូលរួមបីនាក់សងខាង។
គណៈប្រតិភូរុស្ស៊ីរួមមាន ជំនួយការវិមានក្រឹមឡាំង លោក យូរី យូស្សាកូវ (Yury Ushakov) និងរដ្ឋមន្ត្រីការបរទេស លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) ខណៈភាគីអាម៉េរិកត្រូវបានតំណាងដោយរដ្ឋមន្រ្តីការបរទេស លោក ម៉ាកូ រូប៊ីអូ (Marco Rubio) និងបេសកជនពិសេសរបស់ប្រធានាធិបតី លោក ស្ទីវ វីតកូហ្វ (Steve Witkoff)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីកិច្ចពិភាក្សានោះ លោក ពូទីន បាននិយាយថា កិច្ចពិភាក្សាទាំងនោះភាគច្រើនផ្តោតសំខាន់ទៅលើការដោះស្រាយជម្លោះនៅអ៊ុយក្រែន។
លោក ត្រាំ បានពណ៌នាចំពោះកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក ពូទីន ថា «ជាការកិច្ចប្រជុំដ៏មានផលិតភាពខ្លាំង»។ ក្រោយមក លោកបានទូរស័ព្ទទៅកាន់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បណ្តាមេដឹកនាំសហភាពអឺរ៉ុប អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រុតតេ (Mark Rutte) និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ុលឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen)។ បន្ទាប់ពីកិច្ចប្រជុំកំពូល និងការសន្ទនាតាមទូរស័ព្ទ លោកត្រាំ បានបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ីគួរតែឆ្ពោះទៅរកការយល់ស្របទៅលើកិច្ចព្រមព្រៀងសន្តិភាពចុងក្រោយ ខណៈដែលលោកបានបញ្ជាក់ពីការទាមទាររបស់លោកសម្រាប់បទឈប់បាញ់មួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





