ឥណ្ឌូណេស៊ីមានសុទិដ្ឋិនិយមអំពីទស្សនវិស័យកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ច ៥,៤% នៅក្នុងឆ្នាំ២០២៦ ជាមួយនឹងអតិផរណានៅកម្រិត២,៥% និងសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលមានស្ថិរភាព។
ថ្លែងនៅក្នុងសម័យប្រជុំសភាតំណាងរាស្រ្តនៅទីក្រុងហ្សាកាតាកាលពីសប្តាហ៍មុន លោក ប្រាបូវ៉ូ បាននិយាយថា សុទិដ្ឋិនិយមនេះ គឺផ្អែកលើការគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អ គួបផ្សំនឹងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការកែលម្អផលិតភាព។ លោកក៏បានកំណត់គោលដៅសម្រាប់អត្រាការប្រាក់ដែលត្រូវរក្សានៅក្នុងរង្វង់ ៦,៩% ផងដែរ។
លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីគោលដៅនៃតុល្យភាពថវិកាជាតិនៅត្រឹមឆ្នាំ២០២៧ ឬឆ្នាំ២០២៨ ដោយបញ្ចប់ឱនភាពសារពើពន្ធដែលអូសបន្លាយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះត្រូវបានគេចាត់ទុកថាជាចំណុចរបត់មួយក្នុងការពង្រឹងហិរញ្ញវត្ថុសាធារណៈ ការបន្ធូរបន្ថយសម្ពាធបំណុល និងការពង្រឹងសមត្ថភាពក្នុងការវិនិយោគក្នុងវិស័យអាទិភាព។
រដ្ឋាភិបាលឥណ្ឌូណេស៊ីរំពឹងថានឹងកាត់បន្ថយអត្រាអ្នកអត់ការងារធ្វើមកនៅត្រឹមពី ៤,៤៤% ទៅ ៤,៩៦% និងអត្រាភាពក្រីក្រមកនៅត្រឹមពី៦,៥% ទៅ ៧,៥% នៅត្រឹមឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





