ជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាដណ្តើមបានលេខ១ ទាំង៥វិញ្ញាសាជើងឯកទីក្រុងហូជីមិញ ប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥--ក្រុមជម្រើសជាតិទ្រីយ៉ាត្លុងកម្ពុជាដណ្តើមបានចំណាត់ថ្នាក់លេខ១លើវិញ្ញាសាទាំង៥តែម្តង នៅក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុង ជើងឯកទីក្រុងហូជីមិញ ប្រទេសវៀតណាម (Ho Chi Minh City Triathlon Championship 2025) ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២៥ ដើម្បីពង្រឹងគុណភាពបច្ចេកទេសត្រៀមការប្រកួតអន្តរជាតិនានា នាពេលខាងមុខ។

កីឡាករ ចន សប្បុរស បានបង្ហាញពីលទ្ធផលល្អៗរបស់កីឡាករ កីឡាការិនីកម្ពុជា ក្នុងការប្រកួតនេះពីប្រទេសវៀតណាមមកថា ទ្រីយ៉ាត្លុង ក្រុមបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើលោក ហ៊ូហ្គោ ជាគ្រូបង្វឹក និងជាកីឡាករកម្ពុជាចូលរួមប្រកួតកីឡាករវៀតណាម។ អាគ័រត្លុងក្រុមនារី កីឡាការិនីកូនកាត់ខ្មែរ Carla LA PLANETA ទទួលបានលេខ១ កីឡាការិនី ផល ស្រីភួង បានលេខ៣។ អាគ័រត្លុងបុរស កីឡាករ អ៊ុង លីម៉េង ចំណាត់ថ្នាក់លេខ១។ ឌូយ៉ាត្លុងក្រុមនារី កីឡាការិនី អ៊ុង សុជាតា លេខ១។ ឌូអាត្លុងបុរស កីឡាករ គិត វិសាល លេខ១ កីឡាករ ចន សប្បុរស លេខ២ និងកីឡាករ សារឿន សុភារ៉េន ទទួលបានលេខ៣។

ជាមួយគ្នានេះ លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានឱ្យដឹងថា ក្រុមកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងកម្ពុជា ដែលចូលរួមប្រកួតនៅប្រទេសវៀតណាមនេះ មានចំនួន៩នាក់ ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ខណៈការចំណាយលើសំបុត្ររថយន្ត ការហូបចុកស្នាក់នៅ និងការចំណាយផ្សេងជាបន្ទុករបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ លោកចាត់ទុកថា នេះជាការប្រកួតដ៏សំខាន់មួយសម្រាប់កីឡាករកីឡាការិនីជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិថ្នាលយុវជនកម្ពុជា នៅក្នុងការប្រកួតជើងឯកទីក្រុងហូជីមិញ។

អគ្គលេខាធិការរូបនេះបន្ថែមថា ការប្រកួតនេះត្រូវបានម្ចាស់ផ្ទះ វៀតណាម រៀបចំលើវិញ្ញាសាជាច្រើន ដូចជា វិញ្ញាសាអាគ័ត្លុងបុរស-នារី, ទ្រីយ៉ាត្លុងបុរស ឌូអាត្លុងបុរស-នារី ខណៈកីឡាករ កីឡាការិនីកម្ពុជាទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។ តាមរយៈការប្រកួតនេះ លោករំពឹងទុកថា គុណផលបច្ចេកទេសរបស់អត្តពលិកកម្ពុជាទាំងឈុតធំ និងឈុតថ្នាលនឹងកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតអន្តរជាតិនានា នាចុងឆ្នាំ២០២៥ រួមទាំងការប្រកួតកីឡាយុវជនអាស៊ី នៅប្រទេសបារ៉ែន នាខែតុលា ឆ្នាំ២០២៥ផងដែរ៕

ដោយ ហេង ណាលីន





