អត្តពលិកតេក្វាន់ដូ WT ១៩នាក់ចូលរួមប្រកួត ATF Taekwondo Championships នៅប្រទេសវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥--ក្រុមអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីខេមរសហព័ន្ធតេក្វាន់ដូ ១៩នាក់បានធ្វើដំណើរទៅប្រទេសវៀតណាមហើយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ATF លើទី១៧ ឆ្នាំ២០២៥ (17th ATF Taekwondo Championships) ពីថ្ងៃទី១៨-២១ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Khanh Hoa ប្រទេសវៀតណាម។

មន្ត្រីខេមរសហព័ន្ធកីឡាតេក្វាន់ដូបានឱ្យដឹងថា ព្រឹត្តិការណ៍តេក្វាន់ដូ WT 17th ATF Taekwondo Championships គឺជាការប្រកួតមានសារៈសំខាន់ណាស់ចំពោះកីឡាករកីឡាការិនីកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបច្ចេកទេស ត្រៀមការប្រកួតអន្តរជាតិនាពេលខាងមុខ។ ការប្រកួតនេះមានកីឡាករ កីឡាការិនីចូលរួមជាង ២៥០នាក់ ហើយការប្រកួតនេះនឹងបន្តការប្រកួតជើងឯកកីឡាតេក្វាន់ដូអន្តរជាតិលើកទី២១ ចាប់ពីថ្ងៃទី២២-២៥ ខែសីហា ឆ្នាំ២០២៥ ដោយមានអត្តពលិកជាង ៣៥០នាក់មកពីក្លឹបអន្តរជាតិ និងវៀតណាមចូលរួមប្រកួតប្រជែងផងដែរ។

ខេមរសហព័ន្ធតេក្វាន់ដូនៃប្រទេសកម្ពុជាបានបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ១៩នាក់ ដូចជា លោក ហែម សំណាង អាជ្ញាកណ្តាលអន្តរជាតិ លោក យីវ វណ្ណឌី អាជ្ញាកណ្តាលអន្តរជាតិ លោក ឆយ យ៉ុងសុក គ្រូបង្វឹកជាប់កិច្ចសន្យា លោក ជាតិ ខេមរា គ្រូបង្វឹកជម្រើសជាតិ លោក ឈុន សុខឡុង គ្រូជំនួយជម្រើសជាតិ និងលោក រិន ប៊ុនហួត គ្រូបង្វឹកក្រុមថ្នាលជាគ្រូជំនួយ។

ចំពោះកីឡាករជម្រើសជាតិ រួមមាន៖ កាំង លាំងឈុន, រ៉ង់ លីគួង, រិន សុផានិត, មៀន សួរស័យយិ, សេង ម៉េងឈុន។ កីឡាករថ្នាល មានដូចជា សម្បត្តិ ឧត្តម, គោ សុខធា ខណៈកីឡាការិនីជម្រើសជាតិ និងកីឡាការិនីថ្នាល មានដូចជា ហេង ម៉ាលីស, រ៉េត ផាន់ម៉ូនីកា, គ្រី លីដែន, ថាច់ ធីឌឹក, ម៉ម ជូលី និងកីឡាការិនី វ៉ាន់ បូរី៕
ដោយ ហេង ណាលីន





