លោក ខេស៊ី បាណេត៖ ការប្រកួតកីឡាកម្រិតឧត្ថមសិក្សាកាន់តែច្រើនធនធានជម្រើសជាតិកាន់តែសម្បូបែប
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥--លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សា និងសកលវិទ្យាល័យទាំងជាតិ និងឯកជនចូលរួមរៀបចំការប្រកួតកីឡានានាឱ្យបានច្រើន ដើម្បីផលិតធនធានកីឡាករ កីឡាការិនីកាន់តែច្រើន ក្នុងន័យគាំទ្រក្រុមជម្រើសជាតិឱ្យកាន់តែសម្បូរបែប។

ការលើកឡើងរបស់លោកបានធ្វើឡើង ក្នុងឱកាសបើកការប្រកួតកីឡា បាល់បោះ ៣ទល់៣ ពានរង្វាន់វិទ្យាស្ថានខេមអេដ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ខេស៊ី បាណេត បានគូសបញ្ជាក់ថា ប្រសិនបើសកលវិទ្យាល័យផ្សេងៗរៀបចំកម្មវិធីប្រកួតកីឡាឱ្យបានកាន់តែច្រើន ពេលនោះកីឡាករ កីឡាការិនីចេញពីកម្រិតឧត្ថមសិក្សានឹងកើនឡើងនូវធនធានកាន់តែសម្បូរបែប ហើយក៏អាចក្លាយជាធនធានឆ្នើមៗ ក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមឆ្ពោះទៅចូលរួមប្រកួតអន្តរជាតិផងដែរ។ ប្រសិនបើគ្រឹះស្ថានឧត្តមសិក្សារៀបចំការប្រកួតកីឡានានាបានតិចតួច នោះសហព័ន្ធកីឡាជាតិនានាក៏នឹងខ្វះខាតធនធានកីឡាករ កីឡាការិនីដូចគ្នាផងដែរ។

លោកបន្ថែមថា ខេមអេដ ជាគ្រឹះស្ថានឧត្តមសិក្សាលើផ្នែកពាណិជ្ជកម្ម គណនេយ្យ និងហិរញ្ញវត្ថុ ប៉ុន្តែវិទ្យាស្ថានមួយនេះតែងតែបំផុសស្មារតីដល់និស្សិតរបស់ខ្លួនចូលរួមលេងកីឡា ក៏ដូចជារៀបចំការប្រកួតពានរង្វាន់របស់ខ្លួនជារៀងរាល់ឆ្នាំលើប្រភេទកីឡាជាច្រើនផងដែរ។ លោក ខេស៊ី បាណេត ពន្យល់ថា ការសិក្សាត្រូវផ្សាភ្ជាប់ជាមួយនឹងការលេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ក៏ដូចជាបំផុសស្មារតីដល់និស្សិតឱ្យចេះធ្វើការក្រោមសម្ពាធ ចេញធ្វើការជាក្រុមជាដើម ពីព្រោះការប្រកួតកីឡាជាផ្នែកមួយ ដែលបង្រៀនផ្នែកសំខាន់ៗមួយចំនួនផងដែរ។ កីឡាករ កីឡការិនី ដែលជានិស្សិតរបស់ខេមអេដតែងតែត្រូវបានលើកទឹកចិត្តចូលរួមលេងកីឡាបាល់ទាត់ បាល់បោះ គុនដាវ ជឺជីតស៊ូ ហែលទឹក វាយកូនឃ្លីលើតុ អត្តពលកម្ម និងប្រភេទកីឡាចំបាប់ជាដើម។ ការរៀបចំការប្រកួតជារៀងរាល់ឆ្នាំនេះ គឺដើម្បីជ្រើសរើសធនធានឆ្នើមៗរបស់ខ្លួនត្រៀមចូលរួមប្រកួតកីឡានានា ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយខ្លះទៀតក៏បានក្លាយជាកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះពានរង្វាន់ខេមអេដត្រូវបានរៀបចំឡើងអស់រយៈពេលជាង ១០ឆ្នាំមកហើយៗកន្លងមកក្រុមបាល់បោះវិទ្យាស្ថានខេមអេដ ធ្លាប់គ្រងម្ចាស់ជើងឯក ជើងឯករង និងចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតកីឡាសកលវិទ្យាល័យថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ ការប្រកួតកីឡាបាល់បោះ ៣ទល់៣ ពានរង្វាន់វិទ្យាស្ថានខេមអេដ ប្រចាំឆ្នាំ២០២៥មានក្រុមចូលរួមប្រកួតប្រជែងជើងឯកចំនួន៣២ក្រុម ដោយមានបុរសមាន១៦ក្រុម និងក្រុមនារីមាន១៦ក្រុម ដោយសរុបមានកីឡាករ កីឡាការិនីសរុបជាង ២៥០នាក់ ដោយចំនួននេះបានកើនឡើងច្រើនជាងឆ្នាំ២០២៤កន្លងទៅ៕
ដោយ ហេង ណាលីន





