អ្នកនាំពាក្យក្រសួងការពារជាតិ៖ ថ្ងៃនេះយោធភូមិភាគទី៤ កំពុងដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ --លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា នៅថ្ងៃនេះយោធភូមិភាគទី៤កម្ពុជាកំពុងដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់កិច្ចប្រជុំវិសា
មញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដើម្បីធានាថាការប្រព្រឹត្តទៅនៃការប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះនឹងដំណើរការទៅប្រកបដោយវិជ្ជមាន ដោយស្ថាបនា និងដោយរលូន ។ ការថ្លែងយ៉ាងដូច្នេះពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ធ្វើឡើងក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ថា ការអនុវត្តបានដោយេពេញលេញនូវកិច្ចព្រមព្រៀងឈប់បាញ់របស់ភាគីទាំងសងខាងនឹងធ្វើឱ្យបរិយាកាសមានភាពអំណោយផល ឆ្ពោះទៅការនាំមកវិញនូវសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរកម្ពុជា-ថៃ៕

ដោយ៖ ចាន់ សុភឿន





