ឯកឧត្ដមបណ្ឌិត គុណ ញឹម និងថ្នាក់ដឹកនាំ មន្ដ្រីគយនិងរដ្ឋាករ ប្រគល់អំណោយរបស់ សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជាសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាប្រគល់ជូនកងពលធំអន្ដរាគមន៍ លេខ ៣
AKP ព្រះវិហារ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥--
ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួនបានប្រគល់អំណោយរបស់ សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជាសម្ភារ បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគល់ជូនកងពលធំអន្ដរាគមន៍លេខ ៣ ប្រចាំទិសព្រះវិហារ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។


ឯកឧត្ដមបណ្ឌិត គុណ ញឹម បានពាំនាំផ្ដាំផ្ញើការសួរសុខទុក្ខនិងកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហានមោះមុតការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ប្រកបដោយឧត្តមគតិស្នេហាជាតិដ៏ ឧដុង្គឧត្តម និងការលះបង់ខ្ពស់បំផុត ។


អំណោយនិងថវិកាដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់កងពលធំអន្ដរាគមន៍លេខ ៣ រួមមាន ម៉ូតូ Honda Wave 110cc ឆ្នាំ២០២៥ ចំនួន ៦គ្រឿង, Mobile Power Stations 315000mAh (600W) ២៥ គ្រឿង, ត្រីខ៥០កេស (សរុប ៥ ០០០កំប៉ុង), មីជាតិ ២០០កេស (សរុប ៤ ៨០០កញ្ចប់),ប្រេងឆា ១០កេស (សរុប ១២០ដប), បាយក្ដាំង ៨៥កេស (សរុប ៦ ៩៥០កញ្ចប់), ភេសជ្ជៈប៉ូវកម្លាំង Krud Cola Power ២០០កេស (សរុប ៤ ៨០០កំប៉ុង), អង្ករផ្កាខ្ញី ១តោន, សាច់ផាត់ ៧កេស (សរុប ១៣៤គីឡូក្រាម),បារី ១៥កេស (សរុប ៧៥០សុង), សាច់គោងៀត ២០០កញ្ចប់ (សរុប ១០គីឡូក្រាម), ម្សៅវីតាមីនដាក់ទឹកប៉ូវកម្លាំង Orasel ១ ០០០កញ្ចប់, ថ្នាំបញ្ចុះកម្ដៅ/បំបាត់ការឈឺចាប់ Advil ២៥កំប៉ុង (១កំប៉ុង ៣៦០គ្រាប់) និងថវិកាមួយចំនួន ។


គួរបញ្ជាក់ថា កន្លងមកក្នុងឆ្នាំ២០២៥ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ជាសម្ភារៈ/បរិក្ខារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីចែកជូនវីរកងទ័ពនិងប្រជាជនភៀសសឹកចំនួន ៤ លើករួចមកហើយ រួមមាន៖ លើកទី១ ជូនកង ពលធំអន្តរាគមន៍លេខ២ នៅខេត្តសៀមរាប និងវីរកងទ័ពជួរមុខឈរជើងក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ចំនួន ៨អង្គភាព, លើកទី២ ជូនកងកម្លាំងប្រដាប់អាវុធនិងវីរកងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនខេត្តព្រះវិហារ, លើកទី៣ ជូនវីរកងទ័ពជួរមុខដែលកំពុងត្រៀមប្រយុទ្ធនឹងទាហានថៃដែលឈ្លានពានមក លើអធិបតេយ្យភាពកម្ពុជា និងប្រជាជនភៀសសឹកចំនួន ៤ ០០០គ្រួសារ ដែល គេចចេញមកទីសុវត្ថិភាពនៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និង លើកទី៤ ជូនកងពលធំអន្ដរាគមន៍លេខ ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ចំពោះការនាំយកអំណោយជូនកងពលធំអន្ដរាគមន៍លេខ ៣ (ប្រចាំទិសព្រះវិហារ)នាឱកាសនេះ គឺជាលើកទី៥៕
ដោយ៖ រិទ្ធី រូបថត៖ អ៊ុង ហុងលៀង





