អភិបាលខេត្តតាកែវជួបសំណេះសំណាល និងនាំយកអំណោយចែកជូនគ្រួសារវីរកងទ័ព ពលករវិលត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ
AKP តាកែវ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥-- នៅក្នុងបរិវេណសាលាស្រុកអង្គរបូរី ខេត្តតាកែវ មានរៀបចំពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់គ្រួសារីវរកងទ័ព ពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ជនភៀសសឹក ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ សរុបចំនួន២០៩គ្រួសារ ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ កាលពីថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តតាកែវ លោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកអង្គរបូរី និងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើនរូបផងដែរ។


ក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានលើកឡើងប្រាប់បងប្អូន ប្រជាពលរដ្ឋពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទៅលើសុខទុក្ខនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។ បច្ចុប្បន្នយើងកំពុងតែកៀរគរអ្នកវិនិយោគឱ្យមកបណ្ដាក់ទុន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេសបង្កើតការងារជូន បងប្អូនពលករដែលទើបត្រលប់មកពីប្រទេសថៃ។ សម្រាប់ខេត្តតាកែវមានបងប្អូនប្រជាពលរដ្ឋរាប់ពាន់នាក់បានវិលត្រឡប់ពីប្រទេសថៃចូលមកកាន់ខេត្តតាកែវវិញ។ បញ្ហានេះអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ ទៅលើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ដោយយើងបានបង្កើតក្រុមការងារ ស្វែងរកការងារជូនបងប្អូនធ្វើដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។


ឯកឧត្តមអភិបាលខេត្តតាកែវបានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះនៅតាមបណ្ដារោងចក្រ សហគ្រាស នៅក្នុងខេត្តតាកែវទាំងមូលកំពុងតែត្រូវការកម្លាំងពលកម្មប្រមាណជាង១ម៉ឺនកន្លែង។ដូច្នេះប្រសិនបើបងប្អូនពលករ ទើបត្រឡប់មកពីប្រទេសថៃ ចង់ធ្វើការអាចមកទំនាក់ទំនងនៅមន្ទីរការងារ ឬតាមសាលាក្រុង-ស្រុក។ ហើយបើបងប្អូនគ្មានជំនាញ យើងមានសាលាបង្រៀនជំនាញដល់បងប្អូន ហើយបើបងប្អូនមានជំនាញហើយតែគ្មានសញ្ញាបត្របញ្ជាក់ សូមបងប្អូនមកកាន់វិទ្យាស្ថានបណ្ដុះបណ្ដាលភូមិភាគតេជោ យើងនឹងរៀបចំចេញសញ្ញាប័ត្រជូនបងប្អូនតាមរយៈការប្រឡងឬធ្វើតេស្តសមត្ថភាពបងប្អូនតែម្ដង។

ឯកឧត្តម វ៉ី សំណាង បានចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋទាំង២០៩គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំក្រហម១កេស ទឹកសុទ្ធ២យួរ ត្រីខ១យួរ ទឹកស៊ីអ៊ីវ៣ដប ទឹកត្រី៣ដប ក្រមា១ និងថវិកាមួយចំនួនផងដែរ៕
ដោយ អ៊ុច សៀង





