អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ ចិនមានតួនាទីមិនអាចខ្វះបានក្នុងការសម្របសម្រួលកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹងជាមួយថៃ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥--
ក្នុងកិច្ចសន្ទនាពិសាតែរវាងរដ្ឋមន្ត្រីការបរទេសចិន ជាមួយរដ្ឋមន្រ្ដីការបរទេសកម្ពុជា និងរដ្ឋមន្រ្ដីការបរទេសថៃ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៥ នៅក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី១០ នៅទីក្រុងអាននីង ខេត្តយូណាន ប្រទេសចិន ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ប្រទេសចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងជំរុញការកាត់បន្ថយភាពតានតឹងរវាងកម្ពុជាជាមួយថៃ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្ដម ជុំ សុន្ទរី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំកិច្ចសន្ទនាពិសាតែ រវាងរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននីង ខេត្តយូណាន ហើយកិច្ចពិភាក្សាបានធ្វើឡើងប្រកបដោយស្មារតីបើកចំហ ស្មោះត្រង់ និងគោរពគ្នាទៅវិញទៅមក ដោយផ្តល់នូវវេទិកាស្ថាបនាមួយ ដើម្បីដោះស្រាយស្ថានការណ៍ព្រំដែនដែលកំពុងតែវិវត្តន៍ រវាងកម្ពុជា និងថៃ។ ឯកឧត្ដមអ្នកនាំពាក្យបានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះតួនាទីមិនអាចខ្វះបានរបស់ចិន ក្នុងការសម្របសម្រួលកិច្ចសន្ទនា និង ជំរុញការកាត់បន្ថយភាពតានតឹង។ ទន្ទឹមនេះ កម្ពុជាថ្លែងអំណរគុណជាពិសេសចំពោះការគាំទ្ររបស់ប្រទេសចិន លើបទឈប់បាញ់ដែលបានឯកភាពដោយកម្ពុជា និងថៃ ក៏ដូចជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ក្នុងការស្តារទំនាក់ទំនងមកកាន់ប្រក្រតីភាព រវាងប្រទេសជិតខាងទាំងពីរ ដោយសន្តិវិធី។ ឯកឧត្ដមអ្នកនាំពាក្យបានបន្ថែមថា៖ «កម្ពុជារក្សាយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ដែលបានឯកភាពដោយភាគីទាំងពីរនៅក្នុងកិច្ចប្រជុំពិសេសនៅថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀតនៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥»។ ជាងនេះកម្ពុជាសូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តឥតងាករេ ចំពោះការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ របស់អាស៊ាន។ លើសពីនេះ កម្ពុជាបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់ ក្នុងការអនុម័តលក្ខខណ្ឌយោង សម្រាប់ការបង្កើតក្រុមសង្កេតការណ៍អាស៊ាន ដើម្បីអនុញ្ញាតឱ្យក្រុមនេះធ្វើប្រតិបត្តិការបានចាប់តាម ដែលអាចធ្វើទៅបាន។
ឯកឧត្ដមអ្នកនាំពាក្យបានឱ្យដឹងទៀតថា យន្តការនេះមានសារៈសំខាន់ណាស់ ដើម្បីធានាបាននូវការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ ដែលស្របតាមសេចក្តីសម្រេចក្នុងកិច្ចប្រជុំពិសេស ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងត្រូវបានពង្រឹងបន្ថែមទៀត នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្ដមបានបន្ដទៀតថា កម្ពុជាក៏សូមថ្លែងអំណរគុណដល់ប្រទេសចិនចំពោះឆន្ទៈក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង កសាងឡើងវិញក្រោយជម្លោះ ដែលការចូលរួមនេះ បង្ហាញពីការប្តេជ្ញារួមចំពោះការកសាងសន្តិភាពរយៈពេលវែង និងការស្តារឡើងវិញនៃសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធថ្មីៗនេះ។ លើសពីនេះ កម្ពុជាកោតសរសើរចំពោះ ការបន្តរួមចំណែករបស់ប្រទេសចិន ដល់កិច្ចខិតខំ ប្រឹងប្រែងដោះមីនមនុស្សធម៌ ខណៈពេលដែលកម្ពុជាស្វាគមន៍ការគាំទ្រនេះ កម្ពុជាយល់ឃើញថា រាល់សកម្មភាពដោះមីន គួរផ្តោតជាចម្បងលើតំបន់អាទិភាព ដែលត្រូវកំណត់ និងសម្រេចរួមគ្នា ដោយគណៈកម្មការព្រំដែនរួមកម្ពុជា-ថៃ ដែលនេះជាជំហានសំខាន់មួយ ក្នុងការបង្កើនសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
បើតាមឯកឧត្ដមអ្នកនាំពាក្យបានបន្ថែមថា កម្ពុជា នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ត្រីភាគី និងតំបន់ ដើម្បីថែរក្សាសន្តិភាព កសាងការជឿទុកចិត្តគ្នាទៅវិញទៅមក និងធានាបាននូវស្ថិរភាព យូរអង្វែងក្នុងតំបន់៕
ដោយ៖ ប៊ុនរិទ្ធ





