ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសំដៅធ្វើយ៉ាងណាឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០២៥ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់កងកម្លាំងត្រូវពង្រឹងការរក្សាសន្តិសុខ សុវត្ថិភាព និងជួយសម្របសម្រួលដល់បេក្ខជនប្រឡងបាក់ឌុប។ មន្ទីរទេសចរណ៍ខេត្តត្រូវខិតខំផ្សព្វផ្សាយធ្វើយ៉ាងណាកុំឱ្យមានការដំឡើងថ្លៃសណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួលក្នុងកំឡុងពេលប្រឡងបាក់ឌុប។ រដ្ឋបាលក្រុងបាត់ដំបង ពង្រឹងការត្រួតពិនិត្យសណ្ដាប់ធ្នាប់ និងទប់ស្កាត់ការរំពងសំឡេងគ្រប់ប្រភេទនៅក្បែរមណ្ឌលប្រឡង។


យោងតាមរបាយការណ៍ស្ដីពីការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានឱ្យដឹងថា នៅឆ្នាំសិក្សា២០២៤-២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមគោលការណ៍ទាំង៤នៃការប្រឡង គឺច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





