អត្តពលិកហែលទឹកពាក់ជើងទាកម្ពុជាចាប់ផ្តើមប្រកួត នៅវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥--កីឡាករ កីឡាការិនី កីឡាហែលទឹកពាក់ជើងទាកម្ពុជា៩នាក់ ដឹកនាំដោយគ្រូបង្វឹក លោក ហែមថុន ពន្លឺ កំពុងចូលរួមប្រកួត Vietnam Inter Clubs Swimming and Fin Swimming Championships ពីថ្ងៃទី១៥-១៩ ខែសីហា ឆ្នាំ២០២៥ នៅខេត្ត Tay Ninh ប្រទេសវៀតណាម។

គូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី១៥ ខែសីហាឆ្នាំ២០២៥នេះ លោក ហែមថុន ពន្លឺ បានឱ្យដឹងពីប្រទេសវៀតណាម តាមរយៈសារអេឡិចត្រូនិកមកថា នេះជាការប្រកួតថ្នាក់ជាតិលើប្រភេទកីឡាហែលទឹក និងហែលទឹកពាក់ជើងទារបស់ប្រទេសវៀតណាម ខណៈអត្តពលិកហែលទឹកពាក់ជើងទាកម្ពុជាទទួលបានឱកាសចូលរួមប្រកួត ដើម្បីដកស្រង់បទពិសោធ និងពង្រឹងគុណភាពបច្ចេកទេសរបស់អត្តពលិកកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

លោក ហែមថុន ពន្លឺ បានបន្ថែមថា ការប្រកួតនេះ ប្រទេសវៀតណាមបានរៀបចំទាំងប្រភេទកីឡាហែលទឹក និងប្រភេទកីឡាហែលទឹកពាក់ជើងទា ប៉ុន្តែកម្ពុជាចូលរួមតែទៅប្រភេទកីឡាហែលទឹកពាក់ជើងទាប៉ុណ្ណោះ។ កីឡាករ កីឡាការិនីកម្ពុជាសរុប៩នាក់ ចាប់ពីវ័យ១២ឆ្នាំ ដល់២៣ឆ្នាំ ប្រកួតលើវិញ្ញាសាសរុបចំនួន ៣៤វិញ្ញាសា។

ជាមួយគ្នានេះ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ដែរថា ការចូលរួមប្រកួតលើកនេះ គឺដើម្បីផ្តល់ឱកាសឱ្យពួកគាត់ទទួលបានបទពិសោធវាស់ស្ទង់សមត្ថភាព ក្នុងការប្រកួតគ្រប់កម្រិត ដើម្បីត្រៀមការប្រកួតអន្តរជាតិ នាពេលខាងមុខ។ ការចូលរួមប្រកួតនេះបានការអនុញ្ញាតពីក្រសួងអប់រំ និងការឯកភាពពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីពង្រឹងសមត្ថភាពអត្តពលិកឱ្យមានគុណភាពបច្ចេកទេសកាន់តែប្រសើរ។ គួរបញ្ជាក់ថា ក្រុមហែលទឹកពាក់ជើងទាកម្ពុជា មាន១១នាក់ រួមមាន៖ លោក ហែម ថុនពន្លឺ គ្រូបង្វឹក លោក លឹម កែវឧត្តម គ្រូជំនួយ កីឡាករ ឆោម ច័ន្ទថន កីឡាករ ទួន ទិត្យសត្យា កីឡាករ លឹម នរវិទូ, កីឡាករ ហែម ថុនរ៉ូណាល់ កីឡាករ ឌឿន ឧត្តម និងកីឡាការិនី ឃឹន ប៊ុនពេជ្រមរកត កីឡាការិនី អ៊ួង សែននី កីឡាការិនី ហួន ទិត្យដាលីន ព្រមទាំងកីឡាការិនី មូល សុនីតា៕ ដោយ ហេង ណាលីន (រូបភាព៖ ផ្តល់ជូនដោយលោក ហែមថុន ពន្លឺ)





