រដ្ឋមន្ត្រីការបរទេសចិនជួបជាមួយឧបនាយករដ្ឋមន្ត្រីវៀតណាម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ុយ ថាញ់សុន (Bui Thanh Son) នៅទីក្រុងអាននីង ខេត្តយ៉ុនណាន កាលពីថ្ងៃព្រហស្បតិ៍។
លោក វ៉ាង ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិន និងវៀតណាមបានឈររួមគ្នាក្នុងការផ្តល់ជំនួយទៅវិញទៅមក ដោយបង្កើតចំណងដ៏ជ្រាលជ្រៅជា «សមមិត្ត និងបងប្អូន» ដោយលោកបានបន្ថែមថា ពួកគេបានដើរលើមាគ៌ានៃទំនើបភាវូបនីយកម្មសង្គមនិយមសមស្របនឹងលក្ខខណ្ឌជាតិរៀងៗខ្លួន។
ដោយកត់សម្គាល់ថា ប្រទេសចិន និងវៀតណាមមានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មជិតស្និទ្ធ លោក វ៉ាង បាននិយាយថា ពួកគេគួរតែធ្វើការរួមគ្នាដើម្បីប្រឆាំងនឹងលទ្ធិឯកតោភាគី និងការគាំពារនិយម រក្សាច្បាប់ពាណិជ្ជកម្មសេរី និងការពារប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។
លោក វ៉ាង បាននិយាយថា ប្រទេសចិនគាំទ្រវៀតណាមក្នុងការកសាងប្រព័ន្ធសេដ្ឋកិច្ចឯករាជ្យ និងលើកទឹកចិត្តសហគ្រាសចិនមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅប្រទេសវៀតណាម។ ប្រទេសចិនក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសវៀតណាមដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងយន្តហោះពាណិជ្ជកម្ម។
លោក វ៉ាង បាននិយាយថា ប្រទេសចិននឹងជួយសម្រួលដល់ការនាំចូលរបស់កសិផលវៀតណាមទៅក្នុងប្រទេសចិន ក៏ដូចជាការបង្កើតទីភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាមនៅក្នុងប្រទេសចិន ហើយលោកសង្ឃឹមថា ប្រទេសវៀតណាមនឹងផ្តល់បរិយាកាសធុរកិច្ចអំណោយផលសម្រាប់សហគ្រាសចិន។
លោក សុន ដែលកំពុងនៅក្នុងប្រទេសចិនសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស Lancang-Mekong (LMC) លើកទី១០ បាននិយាយថា ប្រទេសវៀតណាមត្រៀមខ្លួនជាស្រេចធ្វើការជាមួយប្រទេសចិន ដើម្បីរៀបចំផែនការផ្លាស់ប្តូរកម្រិតកំពូលសម្រាប់ឆមាសទីពីរនៃឆ្នាំនេះ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ផ្លូវដែក សន្តិសុខ ការអនុវត្តច្បាប់ និងការច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីសម្រេចបាននូវលទ្ធផលសំខាន់ៗបន្ថែមទៀត។
លោក សុន បាននិយាយថា ប្រទេសវៀតណាមទន្ទឹងរង់ចាំការរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសចិន ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគី និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





