គុយវ៉ែតរាយការណ៍ថា មនុស្ស ១៣នាក់បានស្លាប់ដោយសារការពុលស្រា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលនៃប្រទេសគុយវ៉ែតបានប្រកាសកាលពីថ្ងៃពុធថា មនុស្ស ១៣នាក់បានស្លាប់ដោយសារការពុលដែលបណ្តាលមកពីគ្រឿងស្រវឹងផលិតក្នុងស្រុក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច ក្រសួងបាននិយាយថា ចាប់តាំងពីថ្ងៃសៅរ៍មក ខ្លួនបានដោះស្រាយករណីពុលស្រាចំនួន ៦៣ ករណីដែលបណ្តាលមកពីភេសជ្ជៈដែលមានជាតិមេតាណុល។
ក្រសួងបានពន្យល់ថា ករណីនេះមានភាពខុសប្លែកគ្នានៃភាពធ្ងន់ធ្ងរនៃរោគសញ្ញាដោយមនុស្សមួយចំនួនតម្រូវឱ្យចូលបន្ទប់សម្រាកព្យាបាល។ ករណីចំនួន ៣១ករណីតម្រូវឱ្យប្រើប្រាស់ម៉ាស៊ីនខ្យល់ ខណៈដែល ៥១ករណីតម្រូវឱ្យធ្វើការលាងតម្រងនោមជាបន្ទាន់។ ករណីចំនួន ២១បានទទួលរងនូវភាពពិការភ្នែកជាអចិន្ត្រៃយ៍។ សេចក្តីថ្លែងការណ៍បាននិយាយថា រហូតមកដល់ពេលនេះការពុលបានបណ្តាលឱ្យមនុស្ស ១៣នាក់បានស្លាប់។ «ជនរងគ្រោះដែលពុលទាំងអស់មានសញ្ជាតិអាស៊ី»។
ក្រសួងបានបន្ថែមថា ខ្លួននៅតែបន្តត្រួតពិនិត្យគ្រប់ករណីទាំងអស់ជុំវិញករណីនេះ និងសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវការថែទាំសុខភាពចាំបាច់ ហើយជំរុញឱ្យសាធារណជនរាយការណ៍ជាបន្ទាន់នូវករណីសង្ស័យពុលទៅកាន់មន្ទីរពេទ្យ ឬទូរស័ព្ទបន្ទាន់ដែលបានកំណត់។
គ្រឿងស្រវឹងត្រូវបានហាមឃាត់នៅក្នុងប្រទេសគុយវ៉ែត ហើយច្បាប់ប្រទេសនេះបានហាមឃាត់ការនាំចូល និងផ្គត់ផ្គង់សារធាតុពុល។ អ្នកណាដែលនាំចូល ឬផលិតគ្រឿងស្រវឹងក្នុងគោលបំណងធ្វើពាណិជ្ជកម្មត្រូវជាប់ពន្ធនាគារក្នុងប្រទេស៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





