កៀហ្ស៊ីស៊ីស្ថាន និងអាហ្វហ្គានីស្ថានយល់ព្រមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មកៀហ្ស៊ីស៊ីស្ថានបាននិយាយកាលពីថ្ងៃពុធថា ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងអាហ្វហ្គានីស្ថានបានយល់ព្រមបើកទ្វារពាណិជ្ជកម្មនៅក្នុងប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក បាគីត ស៊ីឌីកូវ (Bakyt Sydykov) និងរដ្ឋមន្ត្រីស្តីទីពាណិជ្ជកម្ម និងឧស្សាហកម្មអាហ្វហ្គានីស្ថាន លោក ណូរូដឌីន អាហ្ស៊ីហ្ស៊ី (Nooruddin Azizi) ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៊ីសកេក។
របាយការណ៍បាននិយាយថា លោក ស៊ីឌីកូវ បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអាហ្វហ្គានីស្ថានតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ក្រសួងបាននិយាយថា ភាគីកៀហ្ស៊ីស៊ីសបានសម្តែងចំណាប់អារម្មណ៍ក្នុងការកំណត់តំបន់ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ហើយបានជូនដំណឹងដល់ភាគីអាហ្វហ្គានីស្ថានអំពីកំណែទម្រង់សេដ្ឋកិច្ចដែលកំពុងបន្ត និងសក្តានុពលដ៏សំខាន់សម្រាប់ការជំរុញពាណិជ្ជកម្មទៅវិញទៅមក។
ចំណែកលោក អាហ្ស៊ីហ្ស៊ី បានគូសបញ្ជាក់ពីទស្សនវិស័យសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





