រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងសមាជិកសភាអាម៉េរិក ពិភាក្សាគ្នាអំពីសម្ព័ន្ធភាព និងស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង លោក អាញ គ្យូបាក (Ahn Gyu-back) កាលពីថ្ងៃព្រហស្បតិ៍បានជួបជាមួយសមាជិកសភាអាម៉េរិកដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ដោយបានពិភាក្សាគ្នាអំពីស្ថានភាពសន្តិសុខនៅឧបទ្វីបកូរ៉េ និងសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។
នៅក្នុងជំនួបជាមួយលោក រីឆាដ ម៉ាកកូមីក (Richard McCormick) និងលោក ប៊ែត វេនឌុយណេ (Beth Van Duyne) លោក អាញ បានសង្កត់ធ្ងន់ថា «ការគាំទ្រយ៉ាងខ្ជាប់ខ្ជួន» របស់សភាអាមេរិកសម្រាប់សម្ព័ន្ធភាព បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍស្ថិរភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។
លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ «មិនងាករេ» របស់សភាអាម៉េរិកសម្រាប់ការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្តល់នូវការរារាំងដល់ប្រទេសកូរ៉េខាងត្បូង និងការរក្សាគោលជំហរការពារដែលមានការរួមបញ្ចូលគ្នាផងដែរ។
ជាការឆ្លើយតប តំណាងសហរដ្ឋអាមេរិកបានចែករំលែកទស្សនៈថា ទាហានអាម៉េរិកដែលឈរជើងនៅកូរ៉េខាងត្បូង បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង និងរក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីប។
លោក អាញ ក៏បានស្នើសុំការគាំទ្រពីសភាសហរដ្ឋអាមេរិកផងដែរសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរក្នុងការកសាងនាវា ក៏ដូចជាផ្នែកថែទាំ និងជួសជុលឡើងវិញ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





