ព្យុះទីហ្វុងផូឌុលមិនបង្កឱ្យមានការខូចខាតធំដុំទេខណៈដែលវាឆ្លងកាត់កោះតៃវ៉ាន់ និងឆ្ពោះទៅកាន់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ -- ព្យុះទីហ្វុងផូឌុល (Podul) បានឆ្លងកាត់ភាគខាងត្បូងកោះតៃវ៉ាន់ ជាកន្លែងដែលអាជ្ញាធរបានបិទសាលារៀន និងការិយាល័យរដ្ឋាភិបាល ខណៈដែលមានភ្លៀងធ្លាក់ខ្លាំងបានគំរាមកំហែងដល់ការខូចខាតបន្ថែមទៀតដល់វិស័យកសិកម្មនៅភាគអាគ្នេយ៍នៃកោះនេះ ប៉ុន្តែមិនមានការខូចខាតធំដុំណាមួយត្រូវបានរាយការណ៍នោះទេ។
ព្យុះនេះបានបោកបក់ស្រុកតៃទុង នៅឆ្នេរសមុទ្រភាគខាងកើតភ្លាមៗបន្ទាប់ពីថ្ងៃត្រង់ដោយរំកិលឆ្លងកាត់ភាគខាងត្បូងនៃកោះនេះក្នុងល្បឿនប្រហែល ៣៦គីឡូម៉ែត្រក្នុងមួយម៉ោង។ គិតត្រឹមម៉ោង ៥:០០ល្ងាចថ្ងៃទី១៣ ខែសីហា ព្យុះនេះនៅឆ្ងាយពីឆ្នេរសមុទ្រភាគខាងលិចរបស់កោះតៃវ៉ាន់ ដោយបានចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងប្រទេសចិន។ នេះបើយោងតាមរដ្ឋបាលអាកាសធាតុកណ្តាលបានចេញផ្សាយ។
នៅក្នុងប្រទេសចិន ខេត្តឆ្នេរសមុទ្រហ្វូជៀន និងក្វាងទុង បានប្រមូលទូកនេសាទមកកំពង់ផែវិញ និងជម្លៀសមនុស្សប្រហែល ១៥.០០០នាក់ដែលរស់នៅក្បែរឆ្នេរសមុទ្រនោះទៅកាន់ទីជម្រកសុវត្ថិភាពនៅដីគោក។
ព្យុះទីហ្វុង ដូចជាព្យុះផូឌុល ជាធម្មតាបានវាយប្រហារឆ្នេរសមុទ្រភាគខាងកើតរបស់កោះតៃវ៉ាន់យ៉ាងធ្ងន់ធ្ងរ មុនពេលបាត់បង់ល្បឿន និងកម្លាំងនៅពេលពួកគេឆ្លងកាត់ជួរភ្នំកណ្តាល មុនពេលបន្តឆ្ពោះទៅឆ្នេរសមុទ្រចិន។
តំបន់ដែលរងផលប៉ះពាល់ គឺស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីតៃប៉ិ រួមជាមួយនឹងអាកាសយានដ្ឋានអន្តរជាតិដ៏សំខាន់របស់កោះតៃវ៉ាន់ និងមូលដ្ឋានឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។ ជើងហោះហើរប្រហែលរាប់សិបជើងដែលនឹងធ្វើដំណើរទៅភាគខាងត្បូងឆ្ពោះទៅរកផ្លូវព្យុះនោះ ត្រូវបានពន្យារពេល ឬលុបចោល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





