កូរ៉េខាងត្បូង និងអូស្ត្រាលី ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងឧស្សាហកម្មអាវុធនៅទីក្រុងកង់បេរ៉ា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិកូរ៉េខាងត្បូងបានធ្វើសន្និសីទកាលពីថ្ងៃពុធជាមួយមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី និងអ្នកជំនាញការពារជាតិនៅទីក្រុងកង់បេរ៉ា ហើយបានពិភាក្សាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ និងជំរុញការនាំចេញអាវុធ។
សន្និសិទការពារជាតិកូរ៉េខាងត្បូង-អូស្ត្រាលី ប្រចាំឆ្នាំលើកទី២ បានធ្វើឡើងនៅពេលដែលប្រទេសនានាស្វែងរកការពង្រីកភាពជាដៃគូក្នុងវិស័យការពារជាតិ ចំពេលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនូវការគំរាមកំហែងផ្នែកសន្តិសុខនៅក្នុងតំបន់។
បុគ្គលិកប្រហែល ១០០នាក់មកពីប្រទេសទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដែលរួមមានបទបង្ហាញ និងវគ្គជជែកដេញដោលលើប្រធានបទជាច្រើនចាប់ពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យបច្ចេកវិទ្យាទំនើប និងឧស្សាហកម្មសព្វាវុធ រហូតដល់ភាពទំនើបនៃសមត្ថភាពយោធារបស់ប្រទេសអូស្ត្រាលី។
មន្ត្រីក្រសួងការពារជាតិនៅទីក្រុងសេអ៊ូលបាននិយាយថា «ប្រទេសអូស្ត្រាលីគឺជាដៃគូរបស់យើងសម្រាប់កិច្ចសហប្រតិបត្តិការដែលចែករំលែកការយល់ដឹងក្នុងវិស័យផ្សេងៗផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ» ដោយបានប្តេជ្ញាថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវការផ្លាស់ប្តូរជាក់ស្តែង និងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីសម្រាប់សមិទ្ធិផល «ជាប់លាប់»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





