នាយករដ្ឋមន្ត្រីវៀតណាមអំពាវនាវឱ្យមានការចរចាពន្ធបន្តជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍កាលពីថ្ងៃពុធថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានបញ្ជាឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបន្តការចរចារពន្ធគយជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានការសន្យាអំណោយផលបំផុតសម្រាប់ប្រទេសវៀតណាម ដោយសំដៅឆ្ពោះទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយ តុល្យភាព និងនិរន្តរភាព។
មេដឹកនាំរដ្ឋាភិបាលបានចាត់ឱ្យក្រសួង មូលដ្ឋាន និងសហគ្រាសរដ្ឋ ចាត់វិធានការឆ្លើយតបទៅនឹងគោលនយោបាយពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន។
ចាប់តាំងពីថ្ងៃទី១ ខែសីហាមក សហរដ្ឋអាមេរិកបានបន្ទាបពន្ធលើទំនិញវៀតណាមពី ៤៦% មក ២០% ក្រោមបញ្ជាប្រតិបត្តិដែលចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានកែប្រែអត្រាពន្ធសម្រាប់ដៃគូពាណិជ្ជកម្មចំនួន ៦៩៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





