ឥណ្ឌូណេស៊ីដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សសត្វរមាសពីរក្បាលដែលជិតផុតពូជ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងព្រៃឈើរបស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសតែមួយគត់ដែលបានរក្សាទុកដោយជោគជ័យនូវសត្វរមាសជ្វា ចំពេលចំនួនសត្វរមាសនេះមានកាន់តែតិចទៅៗ។
អគ្គនាយកនៃក្រសួងធនធានធម្មជាតិ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី លោក សាទីយ៉ាវ៉ាន់ ពូឌីយ៉ាត់ម៉ូកូ (Satyawan Pudyatmoko) បានពន្យល់ថា ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ីដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះចិញ្ចឹមសត្វរមាសជ្វានេះ មានតែប្រទេសឥណ្ឌូណេស៊ីទេដែលអាចគ្រប់គ្រងពួកវាបាន។
ការប៉ាន់ស្មាននេះបានបង្ហាញថា មានសត្វរមាសជ្វាពី ៨៧ ទៅ ១០០ក្បាលរស់នៅក្នុងឧទ្យានជាតិអ៊ូជុងគូឡុង នៅក្នុងខេត្តបាន់ទែន។
លោក ពូឌីយ៉ាត់ម៉ូកូ បានកត់សម្គាល់ថា នៅក្នុងបញ្ជីរបស់មូលនិធិពិភពលោកសម្រាប់ធម្មជាតិ (WWF) នៃសត្វជិតផុតពូជបំផុតចំនួន១០ នៅក្នុងនោះ មានពាក់កណ្តាលត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
តាមប្រវត្តិសាស្ត្រ សត្វរមាសជ្វាត្រូវបានគេស្គាល់ថាបានរស់នៅមិនត្រឹមតែនៅលើកោះជ្វា និងស៊ូម៉ាត្រាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ដែលលាតសន្ធឹងដល់ប្រទេសឥណ្ឌា ប៊ូតាន់ និងប្រទេសចិនផងដែរ។ បច្ចុប្បន្ននេះ ប្រភេទសត្វនេះត្រូវបានរកឃើញតែនៅក្នុងឧទ្យានជាតិអ៊ូជុងគូឡុងប៉ុណ្ណោះ ហើយត្រូវបានចាត់ទុកថាបានផុតពូជអស់ហើយនៅកន្លែងផ្សេងៗទៀត។
ឥឡូវនេះ វាត្រូវបានចាត់ថ្នាក់ថាជាប្រភេទរងគ្រោះថ្នាក់ធ្ងន់ធ្ងរក្នុងបញ្ជីក្រហមនៃសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។ យោងតាមទិន្នន័យចុងក្រោយបំផុត បានឱ្យដឹងថា ចំនួនសត្វរមាសជ្វានេះមានសរុបចន្លោះ ៨៧ក្បាល និង ១០០ក្បាល។
ក្រៅពីសត្វរមាសជ្វានេះ ប្រទេសឥណ្ឌូណេស៊ីនៅតែបន្តកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ខ្លួនសម្រាប់សត្វរមាសស៊ូម៉ាត្រា ដែលជាប្រភេទជិតផុតពូជផងដែរ។
ប្រទេសឥណ្ឌូណេស៊ីមានជម្រកសត្វរមាសស៊ូម៉ាត្រានៅក្នុងឧទ្យានជាតិវេយកាំបាស់ ក្នុងខេត្តឡាំពុង ដើម្បីការពារ និងព្យាយាមធ្វើឱ្យចំនួនសត្វប្រភេទនេះមានការកើនឡើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





