ក្រសួងការពារជាតិរៀបចំវិស្សមកាលរដូវក្តៅនៅក្នុងប្រទេសប៊ុលហ្គារីសម្រាប់កុមារអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- សេវាសារព័ត៌មានរបស់រដ្ឋាភិបាលប៊ុលហ្គារីបានរាយការណ៍ថា ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប៊ុលហ្គារីបានអនុម័តទៅលើសេចក្តីសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិរៀបចំថ្ងៃឈប់សម្រាករដូវក្តៅនៅក្នុងប្រទេសប៊ុលហ្គារីសម្រាប់កុមារមកពីប្រទេសអ៊ុយក្រែន និងអាណាព្យាបាលដែលអមដំណើររបស់ពួកគេ។
គោលបំណងនៃសេចក្តីសម្រេចនេះ គឺដើម្បីផ្តល់នូវការសម្រាកនៅរដូវក្តៅនៅក្នុងប្រទេសប៊ុលហ្គារីសម្រាប់កុមារដែលធ្លាប់មានរបួសដោយសារសង្រ្គាម ដើម្បីជួយស្តារសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេ។ គំនិតផ្តួចផ្តើមនេះតំណាងឱ្យសកម្មភាពមនុស្សធម៌មួយផ្សេងទៀតរបស់ក្រសួងការពារជាតិ ដែលបង្ហាញពីការប្រព្រឹត្តប្រកបដោយមនុស្សធម៌ និងសេចក្តីថ្លៃថ្នូរចំពោះកុមារនៃកងទាហាន និងអ្នកស្ម័គ្រចិត្តអ៊ុយក្រែន។
កុមារអ៊ុយក្រែននឹងត្រូវបានស្នាក់នៅក្នុងសណ្ឋាគារសារ៉ាហ្វូវ៉ូ ដែលគ្រប់គ្រងដោយទីភ្នាក់ងារប្រតិបត្តិសម្រាប់ក្លឹបយោធា និងកន្លែងកម្សាន្តយោធា នៃក្រសួងការពារជាតិ។ ការស្នាក់នៅនេះត្រូវបានកំណត់ពេលចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





