ទំនាក់ទំនងកាន់តែរឹងមាំរវាងវៀតណាម និងកូរ៉េខាងត្បូង ជួយជំរុញសន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ាន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- អ្នកវិភាគម៉ាឡេស៊ីម្នាក់បាននិយាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) របស់អគ្គលេខាបក្សវៀតណាម លោក តូ ឡាំ (To Lam) ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ មិនត្រឹមតែបានបង្ហាញពីការលោតផ្លោះដ៏សំខាន់នៅក្នុងទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ការជំរុញសន្តិភាព និងវិបុលភាពក្នុងតំបន់អាស៊ានផងដែរ ខណៈដែលប្លុកនេះកំពុងបង្កើនកិច្ចសហប្រតិបត្តិការក្នុង និងក្រៅតំបន់ឆ្ពោះទៅគោលដៅនេះ។
ថ្លែងទៅកាន់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) នៅទីក្រុងគូឡាឡាំពួ លោក កូលលីនស៍ ចុងយីវគាត (Collins Chong Yew Keat) អ្នកវិភាគកិច្ចការបរទេស សន្តិសុខ និងយុទ្ធសាស្ត្រនៃសាកលវិទ្យាល័យម៉ាឡាយ៉ា បាននិយាយថា ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់នៃទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយនៅគ្រប់វិស័យ។
សម្រាប់ផ្នែកនយោបាយ ប្រទេសទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរនៅគ្រប់កម្រិត ដើម្បីកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ។ ក្នុងវិស័យសន្តិសុខ និងការពារជាតិ ពួកគេបានប្តេជ្ញាចិត្តក្នុងការសហការគ្នាឱ្យកាន់តែជិតស្និទ្ធនៅក្នុងឧស្សាហកម្មការពារជាតិ សន្តិសុខដែនសមុទ្រ ការបោសសម្អាតមីន ការរក្សាសន្តិភាព និងការប្រឆាំងភេរវកម្ម។ សម្រាប់វិស័យសេដ្ឋកិច្ច ពួកគេបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការជំរុញពាណិជ្ជកម្ម និងសហប្រតិបត្តិការក្នុងវិស័យនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ ផ្លូវរថភ្លើងល្បឿនលឿន ហិរញ្ញវត្ថុ និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
កិច្ចសហប្រតិបត្តិការក៏នឹងត្រូវបានពង្រីកផងដែរនៅក្នុងវិស័យនវានុវត្តន៍ និងថាមពល ដែលរួមមានទាំងបញ្ញាសិប្បនិម្មិត (AI) ឧបករណ៍អេឡិចត្រូនិក បច្ចេកវិទ្យាជីវសាស្រ្ត សារធាតុរ៉ែសំខាន់ៗ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពលកកើតឡើងវិញ។ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនត្រូវបានកំណត់ថានឹងកើនឡើងតាមរយៈការពង្រីកការចល័តកម្លាំងពលកម្ម អាហារូបករណ៍អប់រំ កម្មវិធីវប្បធម៌ និងការផ្សព្វផ្សាយទេសចរណ៍។
យោងតាមអ្នកវិភាគរូបនោះ បានឱ្យដឹងថា លទ្ធផលនៃដំណើរទស្សនកិច្ចនេះហួសពីវិសាលភាពទ្វេភាគី ដែលនាំមកនូវឥទ្ធិពលយ៉ាងសំខាន់សម្រាប់ទិដ្ឋភាពសន្តិសុខ និងសេដ្ឋកិច្ចរបស់តំបន់អាស៊ាន។ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងកាន់តែរឹងមាំនឹងជួយជំរុញទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាពិសេសក្នុងវិស័យសន្តិសុខមិនមែនប្រពៃណី ដូចជាសុវត្ថិភាពដែនសមុទ្រ ភាពធន់នឹងអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ វៀតណាមដើរតួនាទីជា «ស្ពាន» សម្រាប់តភ្ជាប់កូរ៉េខាងត្បូងទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ដោយពង្រឹងភាពជាកណ្តាលរបស់អាស៊ាននៅក្នុងយន្តការមួយចំនួន ដូចជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+)។
ការអះអាងឡើងវិញរបស់ប្រទេសទាំងពីរអំពីការគាំទ្ររបស់ពួកគេចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធីស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និងសម្រាប់កិច្ចចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) បានគាំទ្រដោយផ្ទាល់នូវគោលដៅសន្តិសុខដែនសមុទ្ររបស់អាស៊ាន។ កិច្ចការងារការទូតប្រកបដោយតុល្យភាពរបស់វៀតណាម ក៏ចាត់ទុកខ្លួនជាអ្នកសម្របសម្រួលដ៏មានសក្តានុពលក្នុងកិច្ចសន្ទនាអន្តរកូរ៉េ ដែលរួមចំណែកដោយប្រយោលដល់ស្ថិរភាពក្នុងតំបន់ដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





