ធនាគារអភិវឌ្ឍន៍អាស៊ីគាំទ្រដល់ហ្វីលីពីនក្នុងការធានាសន្តិសុខស្បៀង
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ -- ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានអនុម័តប្រាក់កម្ចី ៤០០លានដុល្លារអាម៉េរិក ដើម្បីជួយដល់ហ្វីលីពីនដើម្បីកាត់បន្ថយភាពអត់ឃ្លាន អសន្តិសុខស្បៀង និងអាហាររូបត្ថម្ភមិនល្អ ចំពេលដែលមានការកើនឡើងនៃហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ។
យោងតាមធនាគារ ADB បានឱ្យដឹងថា ការផ្តល់មូលនិធិនេះនឹងត្រូវបានអនុវត្តតាមរយៈគម្រោង «កាត់បន្ថយអសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភជាមួយប័ណ្ណអាហារអេឡិចត្រូនិក»។ នេះ គឺជាធនធានដ៏សំខាន់សម្រាប់រដ្ឋាភិបាលហ្វីលីពីនក្នុងការពង្រីកកម្មវិធី «ភាពអត់ឃ្លានសូន្យ» ដែលជាគំនិតផ្តួចផ្តើមសន្តិសុខសង្គមថ្មីមួយរបស់ប្រទេស។
ធនាគារនោះបាននិយាយថា គម្រោងនេះនឹងជួយផ្តល់ហិរញ្ញប្បទានដល់ការផ្តល់ប័ណ្ណអាហារអេឡិចត្រូនិកប្រចាំខែដល់គ្រួសារដែលមិនមានសុវត្ថិភាពស្បៀងអាហារចំនួន ៧៥០.០០០ប័ណ្ណនៅទូទាំងប្រទេស។
អគ្គនាយករងធនាគារ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងជានាយកប្រចាំប្រទេសហ្វីលីពីន លោក ប៉ាវីត រ៉ាម៉ាចាន់ដ្រាន (Pavit Ramachandran) បាននិយាយថា ដោយសារប្រជាជនហ្វីលីពីនជិតពាក់កណ្តាលមិនអាចមានលទ្ធភាពទិញរបបអាហារដែលមានសុខភាពល្អ និងជីវជាតិគ្រប់គ្រាន់បាន ប័ណ្ណអាហារនេះមានសារៈសំខាន់ណាស់ក្នុងការជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងការបំពេញតម្រូវការអាហារូបត្ថម្ភរបស់ពួកគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





