ឥណ្ឌូណេស៊ី និងប៉េរូចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូបីអានតូ (Prabowo Subianto) និងប្រធានាធិបតីប៉េរូ លោកស្រី ឌីណា ប៉ូលូអាតេ (Dina Boluarte) បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយ៉ាងទូលំទូលាយឥណ្ឌូនេស៊ី-ប៉េរូ (CEPA) នៅទីក្រុងហ្សាកាតាកាលពីថ្ងៃចន្ទ។
លោក ប្រាបូវ៉ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចយ៉ាងទូលំទូលាយឥណ្ឌូនេស៊ី-ប៉េរូ។ កិច្ចព្រមព្រៀងនេះនឹងពង្រីកចូលទៅក្នុងទីផ្សារ និងជំរុញពាណិជ្ជកម្ម ហើយជាសមិទ្ធិផលជាប្រវត្តិសាស្ត្រ ខណៈដែលការចរចាត្រូវបានបញ្ចប់ក្នុងរយៈពេល ១៤ខែ»។
ដំណើរទស្សនកិច្ចរបស់លោកស្រី ប៉ូលូអាតេ ទៅកាន់ប្រទេសឥណ្ឌូនេស៊ីស្របពេលនឹងខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីប៉េរូ ចាប់តាំងពីទំនាក់ទំនងផ្លូវការត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៥។
ប្រទេសទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ការដោះស្រាយពាណិជ្ជកម្មខុសច្បាប់ និងលើវិស័យម្ហូបអាហារ ការជីកយករ៉ែ ការផ្លាស់ប្តូរថាមពល ជលផល និងការការពារជាតិ។
លោកស្រី ប៉ូលូអាតេ បានពណ៌នាពីប្រទេសឥណ្ឌូនេស៊ីថាជាដៃគូដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាដៃគូពាណិជ្ជកម្មធំជាងគេទី៦ របស់ប្រទេសប៉េរូនៅទ្វីបអាស៊ី ដោយកិច្ចព្រមព្រៀង CEPA រំពឹងថានឹងជំរុញពាណិជ្ជកម្មលើទំនិញ ការវិនិយោគ និងវិស័យផ្សេងៗទៀត។
លោកស្រី ប៉ូលូអាតេ បានអញ្ជើញវិនិយោគិនឥណ្ឌូនេស៊ីឱ្យចូលរួមក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារក្នុងប្រទេសប៉េរូ ខណៈពេលដែលលោកស្រីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់លោកស្រីក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការសម្រាប់ការជឿនលឿននៃប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





