សិង្ហបុរីបង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានធ្វើឱ្យប្រសើរឡើងនូវការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់សិង្ហបុរីសម្រាប់ឆ្នាំ២០២៥ ពី ០-២% ដល់ ១,៥-២,៥%។
ក្រសួងនោះបាននិយាយថា ការកែសម្រួលនេះភាគច្រើនឆ្លុះបញ្ចាំងពីដំណើរការល្អប្រសើរជាងការរំពឹងទុកនៃសេដ្ឋកិច្ចក្នុងស្រុកនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។
ទោះជាយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ចនៅឆមាសទីពីរត្រូវបានព្យាករណ៍ថានឹងមានការធ្លាក់ចុះ ដោយសារកំណើនផលិតកម្មអាចនឹងចុះខ្សោយដោយសារតែពន្ធគយរបស់សហរដ្ឋអាមេរិក និងការកាត់បន្ថយតម្រូវការនៅក្នុងទីផ្សារអ្នកប្រើប្រាស់ពិភពលោក។ លើសពីនេះទៀត ពាណិជ្ជកម្មលក់ដុំអាចចុះខ្សោយដែរនៅពេលដែលសកម្មភាពទិញដំបូងធ្លាក់ចុះជាបណ្តើរៗ ហើយពាណិជ្ជកម្មសកលលោកក៏មានការធ្លាក់ចុះ។ ក្រសួងនោះបាននិយាយថា ទន្ទឹមនឹងនេះដែរ ការថយចុះតម្រូវការសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវអាកាស អាចជះឥទ្ធិពលអវិជ្ជមានដល់វិស័យដឹកជញ្ជូន និងការស្តុកទុក។
សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង ៤,៤% នៅក្នុងត្រីមាសទីពីរ ដែលជាការកើនឡើងបន្តិចពីការប៉ាន់ប្រមាណពីមុនដែលមានកម្រិត ៤,៣%។ កំណើន GDP សម្រាប់ត្រីមាសទីមួយ គឺ ៤,១%៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





