ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីព្យាករណ៍ពីស្ថេរភាពនៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ -- ស្របពេលដែលមានភាពមិនច្បាស់លាស់នៅក្នុងពាណិជ្ជកម្មសកលលោក និងតម្រូវការខាងក្រៅមានភាពទន់ខ្សោយ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសម៉ាឡេស៊ីបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសនេះនឹងកើនឡើងក្នុងកម្រិតមធ្យមនៅក្នុងឆ្នាំ២០២៦។
នៅក្នុងសេចក្តីថ្លែងការណ៍បុរេថវិកាឆ្នាំ២០២៦ ក្រសួងនោះបាននិយាយថា កំណើននឹងមានស្ថេរភាពដោយសារតម្រូវការក្នុងស្រុកដែលមានភាពធន់ ជាពិសេសតាមរយៈការវិនិយោគឯកជន ការងារមានស្ថេរភាព និងវិធានការបង្កើនប្រាក់ចំណូល ដូចជាការផ្ទេរសាច់ប្រាក់តាមគោលដៅ និងការដំឡើងប្រាក់ឈ្នួលជាដើម។ វិស័យទេសចរណ៍ដែលត្រូវបានជំរុញដោយកម្មវិធីទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ ក៏ត្រូវបានកំណត់ថានឹងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេវាកម្មផងដែរ។ នៅក្នុងបរិបទនេះ ថវិកាឆ្នាំ២០២៦ នឹងផ្តល់អាទិភាពដល់ការពង្រឹងប្រភពនៃកំណើនក្នុងស្រុក ការធ្វើពិពិធកម្មទីផ្សារនាំចេញ និងការពង្រីកឱកាសប្រាក់ចំណូលគ្រួសារ។
ការវិនិយោគសាធារណៈនឹងត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈគម្រោងយុទ្ធសាស្ត្រក្រោមផែនការម៉ាឡេស៊ីលើកទី១៣ (13MP) និងបង្កើនការវិនិយោគផ្ទាល់ក្នុងស្រុក (DDI) ដោយក្រុមហ៊ុនវិនិយោគដែលភ្ជាប់ជាមួយរដ្ឋាភិបាល (GLICs) តាមរយៈកម្មវិធីការធ្វើឱ្យសកម្ម និងកំណែទម្រង់សហគ្រាសដែលភ្ជាប់ជាមួយរដ្ឋាភិបាល (GEAR-uP) ដែលពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ភាពធន់នៃសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។
នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៤,៤% ដែលត្រូវបានជំរុញដោយការប្រើប្រាស់គ្រួសារ ការវិនិយោគ និងវិស័យសំណង់។ សន្ទុះនេះត្រូវបានរំពឹងថានឹងបន្តនៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៥ ជាមួយនឹងការប៉ាន់ស្មានជាមុនដែលបង្ហាញពីកំណើនចំនួន ៤,៥%។ បើទោះបីជាមានការវិវឌ្ឍន៍ជាសកលក៏ដោយ ក៏សេដ្ឋកិច្ចម៉ាឡេស៊ីនៅតែមានភាពធន់ ហើយត្រូវបានគេព្យាករណ៍ថានឹងពង្រីកពី ៤% ទៅ ៤,៨% នៅក្នុងឆ្នាំ២០២៥ នេះ។ អតិផរណាបានធ្លាក់ចុះបន្ថែមទៀតដល់ ១,១% នៅក្នុងខែមិថុនា ពីកម្រិត ២% កាលពីក្នុងឆ្នាំមុន ដែលជាល្បឿនទាបបំផុតក្នុងរយៈពេល ៥២ខែកន្លងមកនេះ។
ទន្ទឹមនឹងនេះដែរ ទីផ្សារការងារបានបន្តពង្រឹង ដោយអត្រាគ្មានការងារធ្វើថ្នាក់ជាតិបានធ្លាក់ចុះមកនៅត្រឹម ៣% នៅក្នុងខែឧសភា ដោយធ្លាក់ចុះពី ៣,៣% កាលពីក្នុងខែឧសភាឆ្នាំមុន។
នៅលើរូបិយប័ណ្ណរីងហ្គីតបានក្លាយជារូបិយប័ណ្ណដែលដំណើរការល្អបំផុតនៅអាស៊ីកាពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ដោយបានឡើងថ្លៃ ៥,៨% ក្នុងតម្លៃ ៤,២២៧០រីងហ្គីតក្នុងមួយដុល្លារអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





