វៀតណាមធ្វើជាប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី១៥ នៃក្រុមការងារ IAI - ដៃគូអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ -- តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន លោកស្រីឯកអគ្គរដ្ឋទូត តុន ធីង៉ុកហឿង (Ton Thi Ngoc Huong) បានធ្វើជាប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី១៥ នៃក្រុមការងារគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) - ដៃគូអាស៊ាន នៅទីក្រុងហ្សាកាតារបស់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។
កិច្ចប្រជុំនោះមានការចូលរួមពីដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍ និងវិស័យទាំងអស់របស់អាស៊ាន។
នៅក្នុងសុន្ទរកថាបើក លោកស្រីឯកអគ្គរដ្ឋទូត ហឿង បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ក្រុមការងារ IAI នៅតែជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមសំខាន់ៗរបស់អាស៊ាន ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់សមាហរណកម្មក្នុងតំបន់ប្រកបដោយបរិយាប័ន្ន និងលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) និងសមាជិកថ្មី គឺប្រទេសទីម័រឡេស្តេ។
លោកស្រីបាននិយាយថា កិច្ចប្រជុំនោះផ្តល់ឱកាសដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តទាំងរដ្ឋជាសមាជិកអាស៊ាន និងដៃគូ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្រួមគម្លាតអភិវឌ្ឍន៍ ដែលនៅតែជាបញ្ហាប្រឈមក្នុងការកសាងសហគមន៍អាស៊ានឆ្នាំ២០៤៥ និងការជំរុញសមាហរណកម្មក្នុងតំបន់។
អគ្គលេខាធិការរងអាស៊ានសម្រាប់សហគមន៍សេដ្ឋកិច្ច លោក សេតវីនឌ័រ សីង្ហ (Satvinder Singh) បានផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពនៃផែនការការងារ IAI លើកទី៤ (ឆ្នាំ២០២១-២០២៥) ដែលគ្របដណ្តប់ទៅលើគម្រោងចំនួន១១៤ ដែលមានតម្លៃសរុប ២៤,៨លានដុល្លារអាម៉េរិក ជាមួយនឹងអត្រាបញ្ចប់ ៧០,៨%។ ដៃគូអាស៊ានបានគាំទ្រគម្រោងចំនួន២៨ ដែលមានតម្លៃ ១៨,៣លានដុល្លារអាម៉េរិក ដែលគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រទាំងប្រាំ គឺវិស័យស្បៀងអាហារ និងកសិកម្ម ការសម្របសម្រួលពាណិជ្ជកម្ម សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ការអប់រំ ព្រមទាំងវិស័យសុខភាព និងសុខុមាលភាព។ ក្រុមការងារ IAI បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ដៃគូក្នុងការបង្រួមគម្លាតនៃការអភិវឌ្ឍតាមរយៈគំនិតផ្តួចផ្តើមនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





