ប្រទេសឡាវជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំក្នុងកិច្ចការពារព្រៃឈើ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសឡាវបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនក្នុងការការពារព្រៃឈើ និងការលើកកម្ពស់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅដើម្បីការពារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្តីពីព្រៃឈើលើកទី២៨ (ASOF 28) ដែលទើបនឹងធ្វើឡើងនៅទីក្រុងហ្លួងព្រះបាង អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានឡាវ លោក គីកែវ ស៊ីងណាវង្ស (Kikeo Singnavong) បានសង្កត់ធ្ងន់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សជីវៈចម្រុះ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការធានានូវកំណើនប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងអស់នៅក្នុងតំបន់។ លោកបានជំរុញឱ្យមានសកម្មភាពរួមគ្នាដើម្បីការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើ និងបង្កើនការរួមចំណែករបស់ពួកគេក្នុងគោលដៅជាតិ និងតំបន់។
ក្នុងនាមជាប្រធានអាស៊ានកាលពីក្នុងឆ្នាំ២០២៤ ឡាវបានកំណត់កិច្ចសហប្រតិបត្តិការព្រៃឈើដែលផ្សារភ្ជាប់ទៅនឹងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុជាកត្តាអាទិភាព។ លោកបណ្ឌិត សំវ៉ាង ភីមម៉ាវង្ស (Somvang Phimmavong) អគ្គនាយកនៃនាយកដ្ឋានរុក្ខាប្រមាញ់ និងជាប្រធានគណៈប្រតិភូ ASOF ឡាវ បាននិយាយថា ប្រទេសឡាវនឹងជំរុញការស្តារទេសភាពព្រៃឈើ ពង្រីកការចូលរួមក្នុងទីផ្សារកាបូន ពង្រឹងការគ្រប់គ្រងព្រៃឈើតាមសហគមន៍ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មព្រៃឈើឆ្លងដែន និងជំរុញប្រាក់ចំណូលពីផលិតផលប្រកបដោយចីរភាព ដូចជាឫស្សី រុក្ខជាតិឱសថ និងទំនិញប្រើប្រាស់ព្រៃឈើផ្សេងៗទៀត។
កិច្ចប្រជុំ ASOF ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យ និងកំណត់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការព្រៃឈើក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
កិច្ចប្រជុំ ASOF 28 បានប្រមូលផ្តុំគណៈប្រតិភូមកពីរដ្ឋជាសមាជិកអាស៊ាន តំណាងលេខាធិការដ្ឋានអាស៊ាន និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ដែលរៀបចំឡើងសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងរុក្ខាប្រមាញ់អាស៊ានលើកទី៤៦ (AMAF 46)។
កិច្ចប្រជុំ ASOF 28 នេះ បានអនុម័តទៅលើឯកសារសំខាន់ៗមួយចំនួន ដែលរួមមានទាំងសៀវភៅណែនាំស្តីពីការអនុវត្តច្បាប់ព្រៃឈើ កញ្ចប់ឧបករណ៍ដំណោះស្រាយផ្អែកលើធម្មជាតិសម្រាប់ព្រៃឈើ និងផែនការសកម្មភាពគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីប្រកបដោយចីរភាព។ គណៈប្រតិភូទាំងអស់ក៏បានអំពាវនាវឱ្យមានកិច្ចសហការគ្នាកាន់តែជិតស្និទ្ធជាមួយអង្គការអន្តរជាតិនានា ដូចជាអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី (AFoCO) កម្មវិធី UN-REDD+ ក្រោមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងវិទ្យាស្ថានព្រៃឈើអឺរ៉ុប ដើម្បីប្រមូលអ្នកជំនាញ និងធនធានហិរញ្ញវត្ថុផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





