សិង្ហបុរីគ្រោងធ្វើកំណែទម្រង់យុទ្ធសាស្ត្រសេដ្ឋកិច្ច
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ -- នាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡរេនស៍ វ៉ុង (Lawrence Wong) បាននិយាយថា ប្រទេសសិង្ហបុរីកំពុងបង្កើតយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញដើម្បីធានាអនាគតរបស់ប្រទេសនៅក្នុងពេលដែលពិភពលោកកំពុងមានភាពខុសគ្នាខ្លាំង ដែលត្រូវបានកត់សម្គាល់ដោយការប្រកួតប្រជែង ការបែកបាក់ និងការប្រែប្រួលកាន់តែខ្លាំងឡើង។
នៅក្នុងសារមួយរបស់លោកក្នុងទិវាជាតិសិង្ហបុរី ដែលត្រូវបានចាក់ផ្សាយជារៀងរាល់ឆ្នាំចំថ្ងៃខួបកំណើតជាតិ (ថ្ងៃទី០៩ ខែសីហា) លោកបាននិយាយថា ដើម្បីឆ្ពោះទៅមុខ ប្រទេសសិង្ហបុរីត្រូវតែរក្សាភាពពិសេសក្នុងការរួមរស់ជាមួយគ្នា ការដោះស្រាយ និងការអនុវត្ត ព្រមទាំង «ដើរឱ្យបានលឿន សម្របខ្លួនឱ្យបានលឿន និងនវានុវត្តន៍ឱ្យកាន់តែឆ្លាតវៃ»។
នេះមានន័យថា យើងត្រូវទទួលយកបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញាសិប្បនិមិត្ត និងមនុស្សយន្ត ខណៈដែលអនុវត្តពួកវាប្រកបដោយអត្ថន័យទូទាំងវិស័យសេដ្ឋកិច្ចរបស់ខ្លួន។
លោក វ៉ុង ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងដែរនោះ បាននិយាយថា រដ្ឋាភិបាលសិង្ហបុរី ចាំបាច់ត្រូវផ្តល់លទ្ធភាពឱ្យប្រជាជន កម្មករ និងអាជីវកម្មប្រើប្រាស់ឧបករណ៍ទាំងនោះឱ្យបានពេញលេញ និងបង្កើនអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែងរបស់ពួកគេ។ លោកបានសន្យាថា រដ្ឋាភិបាលនឹងដើរនៅលើដំណើរនេះជាមួយប្រជាជនសិង្ហបុរី ដូចដែលខ្លួនបានធ្វើអស់រយៈពេលប្រាំមួយទសវត្សរ៍កន្លងមកហើយនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





