ក្រុមបាត់ដំបងយូណៃធីត ឈ្នះខេត្តកំពង់ឆ្នាំង ខណៈបន្ទាយមានជ័យ និងឈើតុំខេត្តពោធិ៍សាត់ ១-១ ពានសម្តេចតេជោ ហ៊ុន សែន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥--ក្រុមបាល់ទាត់បាត់ដំបងយូណៃធីតប្រជែងបាន៣ពិន្ទុពីក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដោយលទ្ធផល ២-១ ខណៈក្រុមខេត្តបន្ទាយមានជ័យ និងក្រុមឈើតុំខេត្តពោធិ៍សាត់ ចែកគ្នាម្នាក់១ពិន្ទុ ដោយលទ្ធផល ១-១ នៅក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល D សប្តាហ៍ទី៤ កាលពីល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២៥-២០២៥។

នៅក្នុងការប្រកួតនេះ នៅវគ្គទី១ ក្រុមបាត់ដំបងយូណៃធីត និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង រក្សាលទ្ធផលស្មើគ្នា ០ទល់០ ហើយនៅវគ្គទី២ ក្រុមបាត់ដំបងយូណៃធីត បានបើកការនាំមុខ២គ្រាប់មុន ដោយធ្វើសម្រេចដោយកីឡាករ រឿម ពៅ បាន២គ្រាប់ម្នាក់ឯង នៅនាទី ៤៧ និងនាទី៥៧ ខណៈ១គ្រាប់តាមពីក្រោយរបស់ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង រកបានដោយកីឡាករ ជា សាវៃ នៅនាទី៦៧។ ចំពោះក្រុមខេត្តបន្ទាយមានជ័យ និងក្រុមឈើតុំខេត្តពោធិ៍សាត់ ដែលចែកគ្នាម្នាក់១ពិន្ទុនេះ ក៏រក្សាបានត្រឹមលទ្ធផលស្មើគ្នា ០ទល់០ នៅវគ្គទី១ដែរ ហើយចូលដល់វគ្គទី២ គឺក្រុមខេត្តបន្ទាយមានជ័យបានបើកការនាំមុខ១គ្រាប់មុន នៅនាទី៧០ ដោយកីឡាករ ថុង សុភាព ខណៈ១គ្រាប់តាមស្មើរបស់ក្រុមឈើតុំខេត្តពោធិ៍សាត់ ធ្វើសម្រេចដោយកីឡាករ រ៉ាន សិដ្ឋ នៅនាទី៨៧។

គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៩ រដូវកាល២០២៥-២០២៦ បានចាប់ផ្តើមដំណើរការវគ្គជម្រុះក្នុងពូល ពីថ្ងៃទី២២ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងរាជធានី-ខេត្ត ចូលរួមសរុបចំនួន ១៩ក្រុម ដោយបែងចែកជា ៥ពូល។ ការប្រកួតសន្សំពិន្ទុ ក្នុងពូលទាំង៥ត្រូវបន្តជួបគ្នាវិលជុំក្នុងពូលនីមួយៗចំនួន២ជើង ក្នុងដី និងក្រៅដី ហើយក្រោយពីបញ្ចប់សន្សំពិន្ទុក្នុងពូល គឺក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមជ័យលាភី ឡើងទៅប្រកួតដណ្តើមពានរង្វាន់ថ្នាក់ជាតិ ជាមួយក្រុមឈរជើងនៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ហៅថាការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ៕


ដោយ ហេង ណាលីន (រូបភាព៖ Hun Sen Cup)





