ភ្នំពេញក្រោនរបស់កម្ពុជាទម្លាយសំណាញ់ទីម្ចាស់ផ្ទះ Kasuka FC របស់ព្រុយណេ ៦-០ AFC Challenge League 2025-2026
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥--ក្រុមបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជាបានទម្លាយសំណាញ់ទីលើក្រុមម្ចាស់ផ្ទះ Kasuka FC របស់ប្រទេសព្រុយណេ ដោយលទ្ធផលបច្ចេកទេស ៦ទល់០ នៅក្នុងការប្រកួតជម្រុះបឋម (Play Off) កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅកីឡដ្ឋាន 𝐇𝐚𝐬𝐬𝐚𝐧𝐚𝐥 𝐁𝐨𝐥𝐤𝐢𝐚𝐡 ប្រទេសប៊្រុយណេ នៃពានរង្វាន់ក្លឹបលំដាប់ទី៣ប្រចាំទ្វីបអាស៊ី (AFC Challenge League 2025-2026)។

នៅក្នុងការប្រកួតនេះ ក្រុមភ្ញៀវ ភ្នំពេញក្រោនបានបើកការនាំមុខ១គ្រាប់មុន លើក្រុមម្ចាស់ផ្ទះ Kasuka FC នៅវគ្គទី១ ហើយនៅវគ្គទី២ ក្រុមភ្នំពេញក្រោនធ្វើសម្រេចបាន៥គ្រាប់បន្ថែមទៀត ដែលធ្វើឱ្យក្រុមភ្នំពេញក្រោនបានឆ្លងចូលទៅប្រកួតនៅវគ្គចែកពូល (Group Stage)។ មូលហេតុភ្នំពេញក្រោនមានឈ្មោះទៅទៅលេងពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ីមួយនេះ គឺដោយសារក្រុមបាល់ទាត់កូរ៉េខាងជើង មិនបានបំពេញអាជ្ញាប័ណ្ណក្លឹបបាល់ទាត់ ពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។ ដូច្នេះ រដូវកាលឆ្នាំ២០២៥-២៦ នៃពានរង្វាន់ AFC Challenge League កម្ពុជាមាន២ក្រុមចូលរួមប្រកួតក្នុងវគ្គជម្រុះក្នុងពូល គឺភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង។

គួររម្លឹកថា ពានរង្វាន់ AFC Challenge League រដូវកាល ២០២៤-២៥ ក្រុមបាល់ទាត់ FK Arkadag របស់តួកម៉េនីស្ថាន ជាម្ចាស់ដំណែងជើងឯក នៃពានរង្វាន់កម្រិតទី៣ប្រចាំទ្វីបអាស៊ីមួយនេះ បន្ទាប់ពីបានយកឈ្នះ ក្រុមព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕

ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបភ្នំពេញក្រោន)





