ក្រុមនារីកម្ពុជាចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមឥណ្ឌូណេស៊ី បញ្ចប់ពូល A ASEAN MSIG Serenity Cup 2025
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥--ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានចែកគ្នាម្នាក់១ពិន្ទុជាមួយក្រុមជម្រើសជាតិនារីឥណ្ឌូណេស៊ី បន្ទាប់ពីរក្សាលទ្ធផលស្មើគ្នា ១ទល់១ នៅក្នុងការប្រកួតទី៣ បញ្ចប់ពូលA កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៃពានរង្វាន់ ASEAN MSIG Serenity Cup 2025 នៅប្រទេសវៀតណាម។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញរវាងក្រុមនារីកម្ពុជា និងឥណ្ឌូណេស៊ី រក្សាបានលទ្ធផលស្មើគ្នា ០ទល់០ នៅវគ្គទី១ ហើយនៅវគ្គទី២ កីឡាការិនី ហុក សៅឌី របស់កម្ពុជាបានបើកការនាំមុខ១គ្រាប់មុន នៅនាទី៧៦ ខណៈ១គ្រាប់តាមស្មើរបស់ឥណ្ឌូណេស៊ី រកបានដោយកីឡាការិនី Nurrohmah នៅនាទី៨២។ ឆ្លងកាត់៣ប្រកួតដូចគ្នា ក្នុងពូល A នេះ ក្រុមម្ចាស់ផ្ទះ វៀតណាម ឈរលេខ១ មាន៩ពិន្ទុ ឈ្នះទាំង៣ប្រកួត ក្រុមថៃ ឈរលេខ២ មាន៦ពិន្ទុ ដោយ២ក្រុមនេះបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំពោះ៣ប្រកួតរបស់ក្រុមកម្ពុជា ស្មើ១ប្រកួត និងចាញ់២ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៣ ខណៈក្រុមឥណ្ឌូណេស៊ី ឈរលេខ៤ មាន១ពិន្ទុ ដោយ២ក្រុមនេះបានធ្លាក់ចេញត្រឹមវគ្គជម្រុះពូលនេះហើយ។

ចំពោះ៤ក្រុមនារី ក្នុងពូល B គឺក្រុមមីយ៉ាន់ម៉ា កំពុងឈរនៅដំណែងលេខ១ (បណ្តោះអាសន្ន) មាន៦ពិន្ទុ ខណៈក្រុមនារីអូស្ត្រាលី (U23) ឈរលេខ២ និងហ្វីលីពីន ឈរលេខ៣ មាន៣ពិន្ទុដូចគ្នា រីឯទីម័រខាងកើត ០ពិន្ទុ។ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល B នេះមិនទាន់បញ្ចប់នោះទេ ដោយនៅសល់២ប្រកួតទៀតត្រូវបញ្ចប់នៅយប់ថ្ងៃទី១៣ ខែសីហានេះ ដើម្បីកាត់សេចក្តីថា២ក្រុមណា ដែលត្រូវឡើងទៅប្រជែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១៦ ខែសីហា ខណៈ២ប្រកួតចុងក្រោយសម្រាប់ការប្រកួតដណ្តើមដំណែងចំណាត់ថ្នាក់លេខ៣ និងវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥៕


ដោយ ហេង ណាលីន (រូបភាព៖ FFC)





