ប្រធានាធិបតីស៊ូដង់ខាងត្បូង និងប្រមុខការពារជាតិអ៊ូហ្គង់ដាជួបពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីស៊ូដង់ខាងត្បូងលោក សាលវ៉ា គៀរ (Salva Kiir) និងលោក មូហូហ្ស៊ី កៃនេរូហ្គាបា (Muhoozi Kainerugaba) ប្រធានកងកម្លាំងការពារជាតិអ៊ូហ្គង់ដាដែលកំពុងបំពេញទស្សនកិច្ចបានជួបពិភាក្សាគ្នាស្តីពីការពង្រឹងស្ថិរភាពក្នុងតំបន់។
យោធាអ៊ូហ្គង់ដាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយថា ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលបានធ្វើឡើងនៅក្នុងរដ្ឋធានីជូបា ប្រទេសស៊ូដង់ខាងត្បូង លោក គៀរ បានសរសើរប្រទេសអ៊ូហ្គង់ដាចំពោះតួនាទីរបស់ខ្លួនក្នុងការរក្សាសន្តិភាពនៅប្រទេសស៊ូដង់ខាងត្បូង។
ប្រទេសអ៊ូហ្គង់ដាមានកងទ័ពរបស់ខ្លួនដាក់ពង្រាយនៅក្នុងប្រទេសស៊ូដង់ខាងត្បូង តាមសំណើរបស់រដ្ឋាភិបាលស៊ូដង់ខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងកងកម្លាំងឧទ្ទាម និងកងទ័ពរដ្ឋាភិបាល។
លោក កៃនេរូហ្គាបា បាននិយាយថា ប្រទេសអ៊ូហ្គង់ដានឹងបន្តពង្រឹងទំនាក់ទំនងកាន់តែរឹងមាំជាមួយប្រទេសស៊ូដង់ខាងត្បូង។
កិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីទាហានយ៉ាងតិច ៤នាក់ត្រូវបានសម្លាប់កាលពីចុងខែមុនក្នុងអំឡុងពេលការប៉ះទង្គិចគ្នារវាងកងទ័ពអ៊ូហ្គង់ដានិងទាហានស៊ូដង់ខាងត្បូងនៅតំបន់ព្រំដែនដែលមានជម្លោះ។
ប្រទេសជិតខាងនៅអាហ្វ្រិកខាងកើតទាំងពីរមិនទាន់បានដោះស្រាយជម្លោះដីធ្លីនៅក្នុងស្រុកយ៉ុមបេ និងស្រុកម៉ូយ៉ូរបស់ប្រទេសអ៊ូហ្គង់ដាដែលជាប់ព្រំដែនតំបន់កាចូ-កេជី របស់ប្រទេសស៊ូដង់ខាងត្បូងនោះទេ។
ប្រទេសអ៊ូហ្គង់ដា និងស៊ូដង់ខាងត្បូងបានបង្កើតគណៈកម្មាការការងារមួយ ដើម្បីដោះស្រាយភាពតានតឹងដែលកំពុងបន្តនៅតំបន់ព្រំដែន ដែលពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា រវាងយោធាទាំងពីរ ហើយម្តងម្កាលបង្កឱ្យមានការព្រួយបារម្ភខាងការទូត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





