រដ្ឋមន្ត្រីបង្រួបបង្រួមជាតិកូរ៉េខាងត្បូងពិភាក្សាអំពីបញ្ហាប្រទេសកូរ៉េខាងជើងជាមួយបេសកជនស៊ុយអែត
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- ការិយាល័យរបស់រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបាននិយាយថា លោក ជុង ដុងយ៉ុង (Chung Dong-young) បានជួបជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតនៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីវិធីបង្កើនកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាដែលមិនទាន់សម្រេចនៅលើឧបទ្វីបកូរ៉េ។
ក្នុងអំឡុងកិច្ចពិភាក្សាជាមួយឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក កាល អូឡូហ្វ អានដឺសសុន (Karl-Olof Andersson) លោក ជុង បានសម្តែងការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រទេសស៊ុយអែតដើម្បី «បន្ធូរបន្ថយភាពតានតឹងអន្តរកូរ៉េ និងលើកកម្ពស់សន្តិភាពនៅលើឧបទ្វីប ហើយជាប្រទេសដែលរក្សាទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េខាងជើង និងប្រតិបត្តិការស្ថានទូតនៅទីក្រុងព្យុងយ៉ាង»។
លោក ជុង បានសង្កត់ធ្ងន់ថា ប្រទេសកូរ៉េខាងត្បូង និងស៊ុយអែតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដោយលោកបានកត់សម្គាល់ថា បណ្តាញការទូតរបស់ប្រទេសស៊ុយអែត និងទំនាក់ទំនងដ៏គួរឱ្យទុកចិត្តជាមួយប្រទេសកូរ៉េខាងជើង អាចបង្កើត «ការរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តកិច្ចសន្ទនានៅលើឧបទ្វីប» ។
ដោយគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ប្រទេសស៊ុយអែតចំពោះឧបទ្វីបកូរ៉េ លោក អានដឺសសុន បាននិយាយថា ប្រទេសរបស់លោកនឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងសេអ៊ូលលើបញ្ហាទាក់ទងនឹងប្រទេសកូរ៉េខាងជើង។
ប្រទេសស៊ុយអែតបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ១៩៧៣ ជាប្រទេសលោកខាងលិចដំបូងគេដែលបានបង្កើតចំណងការទូតនេះ ហើយជារឿយៗបានដើរតួជាស្ពានរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។
ប្រទេសនេះក៏ជាម្ចាស់ផ្ទះនៃកិច្ចចរចានុយក្លេអ៊ែរកម្រិតការងាររវាងបេសកជនកំពូលរបស់សហរដ្ឋអាមេរិក និងកូរ៉េទាំងពីរក្នុងឆ្នាំ២០១៩ មុនពេលកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





