អាមេនី និងអាស៊ែរបៃហ្សង់ ដកពាក្យបណ្តឹងដែលបានប្តឹងគ្នាទៅវិញទៅមកនៅតុលាការអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសអាមេនី និងអាស៊ែរបៃហ្សង់ មានបំណងដកពាក្យបណ្តឹងដែលប្តឹងគ្នាទៅវិញទៅមកនៅក្នុងតុលាការអន្តរជាតិ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពចូលជាធរមាន។ នេះបើយោងតាមសេចក្តីព្រាងសន្ធិសញ្ញារវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសអាមេនីបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអាមេនី និងអាស៊ែរបៃហ្សង់ នឹងមិនដាក់ពង្រាយកងកម្លាំងភាគីទីបីណាមួយនៅតាមបណ្តោយព្រំដែនរួមរបស់ពួកគេទេ ដែលនេះជាកិច្ចព្រមព្រៀងដំបូងរវាងអាមេនី និងអាស៊ែរបៃហ្សង់។
អត្ថបទដែលចេញផ្សាយដោយក្រសួងការបរទេសនោះបាននិយាយថា«ភាគីទាំងពីរមិនត្រូវដាក់ពង្រាយកងកម្លាំងរបស់ភាគីទីបីណាមួយនៅតាមព្រំដែនទៅវិញទៅមកឡើយ។ ភាគីទាំងពីរ ត្រូវរង់ចាំការកំណត់ព្រំដែនជាបន្តបន្ទាប់របស់ពួកគេ ដោយត្រូវអនុវត្តវិធានការសន្តិសុខ និងការកសាងទំនុកចិត្តដែលបានព្រមព្រៀងគ្នា រួមទាំងក្នុងវិស័យយោធា ក្នុងគោលបំណងធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ព្រំដែន»។
សេចក្តីព្រាងអត្ថបទនោះបាននិយាយថា ភាគីទាំងពីរប្តេជ្ញាមិនចាត់វិធានការប្រឆាំងនឹងបូរណភាពទឹកដីគ្នាទៅវិញទៅមកនោះទេ។
សេចក្តីព្រាងនៃកិច្ចព្រមព្រៀងនោះបាននិយាយថា ទីក្រុងយេរេវ៉ាន់ និងទីក្រុងបាគូ ក៏បានប្តេជ្ញាចរចាដើម្បីបញ្ចប់កិច្ចព្រមព្រៀង ស្តីពីការកំណត់ព្រំដែន និងការបោះបង្គោលព្រំដែនផងដែរ។
អត្ថបទនោះបាននិយាយថា «គ្មានភាគីណាមួយអាចហៅបទប្បញ្ញត្តិនៃច្បាប់ផ្ទៃក្នុងរបស់ខ្លួនថាជាហេតុផលសម្រាប់ការបរាជ័យរបស់ខ្លួនក្នុងការអនុវត្តកិច្ចព្រមព្រៀងបច្ចុប្បន្ននេះទេ»។
អត្ថបទនៃសេចក្តីព្រាងសន្ធិសញ្ញានេះបាននិយាយថា ប្រទេសអាមេនីនិងអាស៊ែរបៃហ្សង់នឹងបង្កើតទំនាក់ទំនងការទូតបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





