ក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើបើកការិយាល័យតំណាងនៅក្នុងប្រទេសប៊ុលហ្គារី
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- មូលនិធិសត្វព្រៃពិភពលោក(WWF) ប៊ុលហ្គារី បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ (FSC) បានបើកការិយាល័យតំណាងមួយនៅក្នុងប្រទេសប៊ុលហ្គារី។ ដៃគូផ្លូវការរបស់ខ្លួននឹងក្លាយជាសមាគមព្រៃឈើប្រកបដោយនិរន្តរភាព ដែលប្រមូលផ្តុំដោយអង្គការមិនមែនរដ្ឋាភិបាល អ្នកជំនាញ និងក្រុមហ៊ុនធុរកិច្ច។
អង្គការ WWF ប៊ុលហ្គារី បាននិយាយថា លើសពីការបញ្ជាក់ផ្នែកព្រៃឈើ ក្រុមប្រឹក្សា FSC ផ្តោតសំខាន់ជាពិសេសទៅលើការការពារគ្រោះមហន្តរាយ រួមទាំងគ្រោះអគ្គីភ័យ ទឹកជំនន់ និងការរអិលបាក់ដី។
អង្គការ WWF ប៊ុលហ្គារី បានផ្តួចផ្តើមការចេញវិញ្ញាបនប័ត្រ FSC នៅក្នុងប្រទេសនេះអស់រយៈពេលជាង ២០ឆ្នាំមកហើយ ហើយចាប់តាំងពីឆ្នាំ២០១៤ មក អង្គការនេះបានដឹកនាំការអភិវឌ្ឍស្តង់ដារជាតិដែលស្របតាមព្រៃឈើ និងច្បាប់ក្នុងតំបន់។ អង្គការ WWF ប៊ុលហ្គារី បាននិយាយថាអង្គការនេះក៏ដំណើរការបណ្តុះបណ្តាលសម្រាប់សហគ្រាសព្រៃឈើ និងផ្សព្វផ្សាយស្លាកក្រុមប្រឹក្សា FSC ក្នុងចំណោមអ្នកប្រើប្រាស់ផងដែរ។លោក ណេលី ដុនឆេវ៉ា (Neli Doncheva) ប្រធានកម្មវិធីព្រៃឈើនៅអង្គការ WWF ប៊ុលហ្គារី បាននិយាយថា «វិញ្ញាបនប័ត្រនេះមិនត្រឹមតែជាការធានាបន្ថែមសម្រាប់ការការពារព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់បុគ្គលិក និងកម្មករ ក៏ដូចជាសម្រាប់ជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅក្នុងតំបន់ព្រៃឈើផងដែរ ព្រោះវាផ្អែកលើច្បាប់ប៊ុលហ្គារី»។
បន្ថែមពីលើផែនការសកម្មភាពបង្ការ និងពន្លត់អគ្គីភ័យប្រចាំឆ្នាំដែលតម្រូវដោយច្បាប់សម្រាប់សហគ្រាសព្រៃឈើ អង្គភាពដែលមានវិញ្ញាបនបត្រ FSC ត្រូវតែអនុវត្តការវាយតម្លៃហានិភ័យគ្រោះមហន្តរាយដែលគិតគូរពីផលវិបាកអវិជ្ជមានដែលអាចកើតមានដែលមិនត្រឹមតែសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងធនធានព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍មូលដ្ឋានផងដែរ។ អង្គការ WWF ប៊ុលហ្គារី បាននិយាយថា សហគ្រាសព្រៃឈើក៏ត្រូវតែវាយតម្លៃថា តើសកម្មភាពផ្ទាល់ខ្លួនរបស់ពួកគេ ដូចជាការកាប់ឈើអាចបង្កើនហានិភ័យគ្រោះមហន្តរាយដែរឬទេ។ អង្គការនោះបានបន្ថែមថា គោលបំណងនៃស្តង់ដារនោះ គឺដើម្បីធានាថា ប្រាក់ចំណូលពីប្រតិបត្តិការព្រៃឈើមិនមែនបានមកដោយសារការចំណាយលើការការពារធម្មជាតិ សិទ្ធិរបស់កម្មករព្រៃឈើ ឬជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋាននោះទេ។
ក្រុមប្រឹក្សា FSC ប្រតិបត្តិការនៅក្នុងប្រទេសចំនួន៨៩ នៅក្នុងទ្វីបចំនួន៥ ហើយព្រៃឈើជាង ១៥០លានហិកតានៅទូទាំងពិភពលោកត្រូវបានបញ្ជាក់ក្រោមស្តង់ដាររបស់ក្រុមប្រឹក្សានេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ BTA)





