នាយករដ្ឋមន្ត្រីអូស្រ្តាលី៖ ប្រទេសអូស្ត្រាលីនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ដ្រីអូស្រា្តលី លោក អេនថូនី អាល់បាណេស (Anthony Albanese) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអូស្ត្រាលីនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ដោយចូលរួមជាមួយមេដឹកនាំនៃប្រទេសបារាំង អង់គ្លេស និងកាណាដា ក្នុងការផ្តល់សញ្ញាថា ពួកគេនឹងធ្វើដូច្នេះ។
ការកត់សម្គាល់របស់លោកខាងលើនេះ បានធ្វើឡើងនៅបន្ទាប់ពីប៉ុន្មានសប្តាហ៍នៃការជំរុញពីក្នុងគណៈរដ្ឋមន្ត្រីរបស់លោក និងពីប្រជាជនជាច្រើននៅក្នុងប្រទេសអូស្ត្រាលីឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន និងចំពេលដែលមានការរិះគន់កាន់តែខ្លាំងឡើងពីមន្ត្រីនៅក្នុងរដ្ឋាភិបាលរបស់លោកជុំវិញការរងទុក្ខវេទនានៅក្នុងតំបន់ហ្គាហ្សា។ រដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីក៏បានរិះគន់ផងដែរទៅលើផែនការដែលបានប្រកាសនៅប៉ុន្មានថ្ងៃថ្មីៗនេះដោយមេដឹកនាំអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) សម្រាប់ការវាយលុកផ្នែកយោធាថ្មីៗនៅក្នុងតំបន់ហ្គាហ្សា។
លោក អាល់បាណេស បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទថា សេចក្តីសម្រេចរបស់អូស្ត្រាលីក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីននេះនឹងត្រូវធ្វើឡើងជាផ្លូវការនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញាខាងមុខ។ លោក អាល់បាណេស បាននិយាយថា ការទទួលស្គាល់នេះត្រូវបានគេព្យាករណ៍ទៅលើការសន្យាដែលអូស្ត្រាលីបានទទួលពីអាជ្ញាធរប៉ាឡេស្ទីន។
លោកបាននិយាយថា ការប្តេជ្ញាចិត្តទាំងនោះរួមមាន ការមិនដើរតួនាទីណាមួយរបស់ក្រុមហាម៉ាស់នៅក្នុងរដ្ឋាភិបាលប៉ាឡេស្ទីន ការដាក់ពង្រាយយោធានៅតំបន់ហ្គាហ្សា និងការរៀបចំការបោះឆ្នោត។
លោក អាល់បាណេស បាននិយាយថា «ដំណោះស្រាយរដ្ឋពីរ គឺជាក្តីសង្ឃឹមដ៏ល្អបំផុតរបស់មនុស្សជាតិក្នុងការបំបែកវដ្តនៃអំពើហឹង្សានៅមជ្ឈិមបូព៌ា និងដើម្បីបញ្ចប់ជម្លោះ ការរងទុក្ខវេទនា និងការអត់ឃ្លាននៅក្នុងហ្គាហ្សា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





