កិច្ចប្រជុំកំពូលអង្គការ SCO ត្រូវបានគេមើលឃើញថាជាឱកាសសម្រាប់ពង្រឹងទំនាក់ទំនងរវាងចិន និងឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសចិន និងឥណ្ឌា គួរតែចាប់យកឱកាសដែលផ្តល់ឱ្យដោយទំនាក់ទំនងនាពេលបច្ចុប្បន្នដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈវេទិកាពហុភាគី ដូចជាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) និងធ្វើការងារដើម្បីរក្សាទំនាក់ទំនងទ្វេភាគីឱ្យនៅលើផ្លូវមួយឆ្ពោះទៅមុខដោយបញ្ចូលនូវសន្ទុះថ្មីទៅក្នុងសាមគ្គីភាពក្នុងចំណោមប្រជាជាតិភាគខាងត្បូងសកលលោក និងដោះស្រាយបញ្ហាប្រឈមរួមគ្នា។
យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថានាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi) ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនតាមការអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការ SCO ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣១ ខែសីហានិងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងទៀនជីន ដែលវានឹងត្រូវបានកត់សម្គាល់ថាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ។
កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ចៃគុន (Guo Jiakun) បាននិយាយថា ប្រទេសចិនស្វាគមន៍ចំពោះការចូលរួមរបស់លោក ម៉ូឌី នៅក្នុងកិច្ចប្រជុំកំពូលនេះ។
លោក គូ បាននិយាយថា «យើងជឿជាក់ថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រប់ភាគីទាំងអស់ កិច្ចប្រជុំកំពូលទៀនជីននឹងក្លាយជាការប្រមូលផ្តុំនៃសាមគ្គីភាព មិត្តភាព និងលទ្ធផលជាផ្លែផ្កា ហើយអង្គការSCO នឹងចូលទៅក្នុងដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលបង្ហាញពីសាមគ្គីភាព ការសម្របសម្រួល ភាពស្វាហាប់និងផលិតភាពកាន់តែច្រើនឡើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





