កូរ៉េខាងត្បូង ចិន និងជប៉ុន ស្តារឡើងវិញនូវយន្តការត្រីភាគីក្នុងវិស័យកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់កូរ៉េខាងត្បូង ចិន និងជប៉ុន បានបើកកិច្ចប្រជុំកាលពីថ្ងៃចន្ទ ដើម្បីពិភាក្សាអំពីយន្តការត្រីភាគីក្នុងវិស័យកសិកម្ម និងដាំដុះនៅទីក្រុងអ៊ីនឆឹង នៅភាគពាយ័ព្យក្បែរទីក្រុងសេអ៊ូល ដែលវាជាកិច្ចប្រជុំលើកទីមួយបន្ទាប់ពីរយៈពេលប្រាំពីរឆ្នាំកន្លងមក។
កិច្ចប្រជុំត្រីភាគីនេះមានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងកសិកម្មស្បៀងអាហារ និងកិច្ចការជនបទរបស់ប្រទេសកូរ៉េខាងត្បូង លោកស្រីសុង មី-រីយុង (Song Mi-ryung) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់ប្រទេសជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមិ (Shinjiro Koizumi)និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន លោក ហាន ជុន (Han Jun)។
កិច្ចប្រជុំនេះធ្វើឡើងនៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខស្បៀងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលបានធ្វើឡើងបន្ទាប់ពីវាត្រូវបានផ្អាកអស់រយៈពេល ៧ឆ្នាំ ដែលមួយផ្នែកដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩។
វាទាក់ទងនឹងប្រធានបទសំខាន់ៗចំនួនប្រាំមួយ គឺសន្តិសុខស្បៀង ការឆ្លើយតបទៅនឹងជំងឺសត្វ កសិកម្មប្រកបដោយនិរន្តរភាព ការរស់ឡើងវិញនៃតំបន់ជនបទ កិច្ចសហប្រតិបត្តិការលើប្រព័ន្ធកសិកម្មដ៏សំខាន់ជាសកល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
បន្ទាប់ពីកិច្ចប្រជុំត្រីភាគីនេះ ប្រទេសទាំងបីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកកំណើនប្រកបដោយចីរភាពនៃវិស័យកសិកម្ម។
បន្ទាប់ពីបានលើកឡើងអំពីបញ្ហាដែលបានចែករំលែករួច លោកស្រី សុង បាននិយាយថា «ខ្ញុំសង្ឃឹមថា កិច្ចពិភាក្សាដែលបានផ្តួចផ្តើមនៅក្នុងកិច្ចប្រជុំនេះនឹងនាំទៅរកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជាក់ស្តែងបន្ថែមទៀតនាពេលអនាគត» និងបានព្រមព្រៀងរៀបចំកិច្ចប្រជុំជាទៀងទាត់។
លោកស្រីក៏បានជួបប្រជុំទ្វេភាគីជាមួយសមភាគីជប៉ុនផងដែរ ដោយបានកត់សម្គាល់ថា កូរ៉េខាងត្បុង និងជប៉ុន អាចបង្កើនការប្រកួតប្រជែងផ្នែកកសិកម្ម និងនិរន្តរភាព តាមរយៈកិច្ចសហប្រតិបត្តិការរបស់ពួកគេ។
លោក កូអ៊ីហ្ស៊ូមិ បានចែករំលែកនៅលើបណ្តាញសង្គមអ៊ិច (X) ថាពួកគេបានផ្លាស់ប្តូរទស្សនៈគ្នាដោយស្មោះត្រង់ ព្រមទាំងបានស្នើសុំឱ្យមានការលុបចោលការរឹតបន្តឹងចំពោះការនាំចូលផលិតផលសមុទ្ររបស់ជប៉ុន និងបានពិភាក្សាអំពីសុវត្ថិភាពចំណីអាហារផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





